ប្រទេសអ៊ីរ៉ង់៖ បើយោងតាមក្រសួងចារកម្មកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ក្រុមសេវាស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានបង្ក្រាបផែនការវាយប្រហារភេរវកម្មដែលកំណត់គោលដៅទៅលើទីតាំងមួយចំនួនដែលមានមនុស្សកកកុញនៅក្នុងទីក្រុងនៃប្រទេសអ៊ីរ៉ង់ និងបានចាប់ខ្លួនជនសង្ស័យ ២៨នាក់។
មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយលើគេហទំព័រថា ផែនការបំផ្ទុះ ៣០លើកជាបន្តបន្ទាប់គ្នាដែលរៀបចំឡើងដើម្បីប៉ុនប៉ងរំខានដល់សន្តិសុខជាតិ បង្កើតភាពភ័យខ្លាចដល់ប្រជាជន និងបង្កភាពចលាចលនៅថ្ងៃខួបកុបកម្មក្នុងរដូវស្លឹកឈើជ្រុះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “កម្លាំងចារកម្មបានវាយប្រហារទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ និងមូលដ្ឋានរបស់ពួកគេនៅក្នុងខេត្តតេហេរ៉ង់ ខេត្តអាល់បស្ស និងខេត្ត វ៉េស អាហ្សាបាយចេន និងបានចាប់ខ្លួនសមាជិកទាំងអស់នៃបណ្តាញភេរវកម្ម។”
ខ្លឹមសារបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍បង្ហាញថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS និងមួយចំនួនទៀតមានទំនាក់ទំនងជាមួយក្រុមភេរវករថាកហ្វឺររ៉ី (Takfiri) នៅក្នុងប្រទេសស៊ីរី ឬមានកំណត់ត្រានៃការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសប៉ាគីស្ថាន និងតំបន់ឃឺដអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍រាយឈ្មោះឧបករណ៍ និងគ្រឿងប្រដាប់មួយចំនួនដែលរឹបអូសបានអំឡុងពេលប្រតិបត្តិការ ដែលមានដូចជា គ្រឿងផ្ទុះជាច្រើន គ្រាប់បែក សម្ភារៈសម្រាប់ផលិតគ្រាប់បែក ឧបករណ៍បំផ្ទុះ១០០គ្រឿង ឧបករណ៍អេឡិចត្រូនិក និងឧបករណ៍សម្រាប់ផលិតគ្រាប់បែកកំណត់ម៉ោងផ្ទុះ កាំភ្លើងខ្លីអាមេរិក ១៧ដើម រួមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ឧបករណ៍ទំនាក់ទំនងឆ្លាតវៃ និងផ្កាយរណប ឯកសណ្ឋានយោធា អាវកាក់បំផ្ទុះគ្រាប់ និងក្រដាសរូបិយប័ណ្ណបរទេសជាច្រើន។
មន្ត្រីក្រសួងបានបញ្ជាក់ថា បុគ្គលិកស៊ើបអង្កេត ២នាក់រងរបួសក្នុងប្រតិបត្តិការនៅពេលដែលពួកគេការពារហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយមិនឱ្យបំផ្លាញផ្ទះនៅក្បែរនោះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣