ប្រទេសយេម៉ែន៖ មន្ត្រីសន្តិសុខបានប្រាប់ភ្នាក់ងារសារព័ត៌មានកាលពីថ្ងៃច័ន្ទថា គ្រឿងផ្ទុះកែច្នៃដែលហៅកាត់ថា (IED) ត្រូវបានបំផ្ទុះនៅពេលដែលទាហានម្នាក់កំពុងបំពេញកាតព្វកិច្ចល្បាតនៅភាគខាងត្បូងខេត្តដ៏ចលាចលអាប់យ៉ាន ដោយបានសម្លាប់ទាហានយ៉ាងហោចណាស់ ៥នាក់។
មន្ត្រីសន្តិសុខក្នុងតំបន់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យនៅក្នុងស្រុកមូឌីយ៉ាស់នៃខេត្តអាប់យ៉ាន នៅពេលដែលគ្រឿងផ្ទុះកែច្នៃ IED បង្កប់លើដងផ្លូវបានផ្ទុះឡើងខណៈដែលរថយន្តទាហានបើកកាត់។
លោកបានអះអាងថា ការផ្ទុះដ៏កក្រើកបានបំផ្លាញរថយន្តទាំងស្រុង និងសម្លាប់ទាហាន ៥នាក់នៅក្នុងរថយន្តនោះ។ មន្ត្រីសន្តិសុខបាននិយាយថា “វាគឺជាហេតុការណ៍ផ្ទុះដ៏កក្រើក ដោយរថយន្តត្រូវបានបំផ្លាញទាំងស្រុង។ គេដឹងថា តំបន់នេះមានវត្តមានរបស់ក្រុមភេរវករ។ ក្រុមភេរវករទាំងនោះទំនងជាបង្កប់គ្រឿងផ្ទុះកែច្នៃ IED ដើម្បីវាយប្រហារទៅលើកម្លាំងរបស់យើង។”
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រឿងផ្ទុះកែច្នៃ ប៉ុន្តែអាជ្ញាធរសង្ស័យថាវាមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់។ ក្រុមសកម្មប្រយុទ្ធអាល់កៃដាគឺជាក្រុមសកម្មប្រយុទ្ធសកម្មនៅក្នុងសង្គ្រាមនៃប្រទេសយេម៉ែន។ ការវាយ ប្រហារបានកើតឡើងចំពេលមានកំណើននៃអំពើហិង្សារវាងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្ម ប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធនៅឧបទ្វីបអារ៉ាប់
ភាគខាងត្បូងប្រទេសយេម៉ែន។
នៅក្នុងការឆ្លើយតបទៅកាន់ការវាយប្រហារបំផ្ទុះគ្រឿងផ្ទុះកែច្នៃ កម្លាំងរដ្ឋាភិបាលយេម៉ែនបានពង្រាយកម្លាំងទៅកាន់តំបន់មូឌីយ៉ាស់ ដើម្បីបោសសំអាតសន្តិសុខ និងធ្វើប្រតិបត្តិការឆែកឆេរ ដោយប្តេជ្ញាលុបបំបាត់ជម្រកសុវត្ថិភាពរបស់ក្រុមសកម្មប្រយុទ្ធ។
លើសពីនេះ ប៉ុស្តិ៍ត្រួតពិនិត្យយោធាត្រូវបានរៀបចំឡើងនៅតាមផ្លូវដែលសំដៅចូលទៅក្នុង និងចេញទៅខាងក្រៅស្រុក។ ជម្លោះរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសយេម៉ែនបានបង្កើតនូវអស្ថិរភាពដែលបណ្តាលឱ្យក្រុមសកម្មប្រយុទ្ធអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់រីកចម្រើន ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាលនៃភាគខាងត្បូង។ បើទោះបីជាកិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិនៅតែបន្តអនុវត្ត ការវាយប្រហារយ៉ាងសាហាវទៅលើកម្លាំងយេម៉ែនក្នុងស្រុកទំនងជានៅតែមាន។
ប្រទេសយេម៉ែនជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីបានវាយដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣