ប្រទេសនីហ្សេរីយ៉ា៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា កម្លាំងសន្តិសុខសង្គ្រោះមនុស្ស ១៦នាក់បានដោយជោគជ័យ។ មនុស្សទាំងនោះត្រូវបានចាប់ជំរិតក្រោយពីមានការវាយប្រហារបំផ្លិចបំផ្លាញទៅលើសាកលវិទ្យាល័យមួយកន្លែងនៅភាគពាយ័ព្យទីក្រុងហ្សាមហ្វារ៉ា កាលពីថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមអ៊ីក្សឬទ្វីតថឺរបស់សាកលវិទ្យាល័យសហព័ន្ធហ្កូសោ (Federal University Gusau) នៅក្នុងទីក្រុងហ្សាមហ្វារ៉ា មានខ្លឹមសារថា មនុស្សដែលសង្គ្រោះបានទាំងនោះមានសិស្ស ១៣នាក់ និងកម្មករ ៣នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “ប្រតិបត្តិការសង្គ្រោះត្រូវបានធ្វើឡើងដោយសមាជិកយោធាដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋយើង”។
ប្រតិបត្តិការបន្តបន្ទាប់សង្គ្រោះបានមនុស្ស ២២នាក់ ចាប់តាំងពីមានឧបទ្វហេតុបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ ខណៈដែលមន្ត្រីយោធាបានបញ្ជាក់ថា មនុស្ស ៦នាក់ត្រូវបានសង្គ្រោះនៅក្នុងថ្ងៃជាមួយគ្នាក្រោយពេលមានការបាញ់គ្នាជាមួយក្រុមអ្នកវាយប្រហារ។
លោកមូហ្គីរ៉ា យូសូហ្វ អ្នកនាំពាក្យរបស់អភិបាលក្រុងរដ្ឋហ្សាមហ្វារ៉ា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់ ក្នុងនោះមានសិស្សជាច្រើននាក់ និងបុគ្គលិកនៃសាកលវិទ្យាល័យ ត្រូវបានចាប់ជំរិត។
តំបន់ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ារងការរំខានពីសកម្មភាពអំពើចោរកម្ម ការចាប់ជំរិត និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣