ប្រទេសយេម៉ែន៖ មន្ត្រីយោធារដ្ឋាភិបាលម្នាក់បាននិយាយថា យ៉ាងហោចណាស់ទាហាននៃកម្លាំងរដ្ឋាភិបាលយេម៉ែន ៥នាក់ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធអាល់ កៃដា នៅភាគខាងត្បូងខេត្តចលាចលអាប់យ៉ានកាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ទាហានជាច្រើននាក់ត្រូវបានសម្លាប់ក្នុងជម្លោះរយៈពេលជាច្រើនម៉ោងជាមួយក្រុមសកម្មប្រយុទ្ធអាល់ កៃដា បន្ទាប់ពីកម្លាំងរដ្ឋាភិបាលបានធ្វើប្រតិបត្តិការដែលបានរៀនចំទុកយ៉ាងប្រុងប្រយ័ត្ន ដើម្បីលុបបំបាត់វត្តមានរបស់ក្រុមសកម្មប្រយុទ្ធអាល់ កៃដា នៅក្នុងតំបន់រ៉ាហ្វាដ។
ប្រភពបន្ថែមថា ក្រៅពីសម្លាប់ក្រុមភេរវករ កម្លាំងរដ្ឋាភិបាលទទួលបានជោគជ័យក្នុងការ
ដណ្តើមបានតំបន់សំខាន់ៗនៅក្នុងតំបន់ខ្ពង់រាបពីក្រុមសកម្មប្រយុទ្ធអាល់ កៃដា មកកាន់កាប់ បន្ទាប់ពីមានប្រតិបត្តិការយោធា។
បើទោះបីជា គេមិនទាន់ដឹងពីចំនួនអ្នកស្លាប់របស់សមាជិកក្រុមសកម្មប្រយុទ្ធ ប៉ុន្តែសាកសពមួយចំនួនត្រូវបានរកឃើញនៅក្នុងតំបន់បន្ទាប់ពីការប៉ះទង្គិចគ្នា។
យោងតាមព័ត៌មានផ្លូវការបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធអាល់ កៃដា មួយចំនួនបានរត់គេចខ្លួនពីប្រតិបត្តិការ ដោយបានបន្សល់ទុកនូវអាវុធ និងគ្រាប់រំសេវជាច្រើន។
ជារឿយៗកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដាដែលព្យាយាមទាញយកប្រយោជន៍ពីសង្គ្រាមស៊ីវិលរបស់យេម៉ែនដើម្បីពង្រឹងជំហររបស់ពួកគេ។
គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ ដោយក្រុមឧទ្ទាមហ៊ូធីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយេម៉ែន។ កម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះក្នុងការគាំទ្រដល់រដ្ឋាភិបាលយេម៉ែនកាលពីឆ្នាំ២០១៥៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣