កម្លាំងតួកគីបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគណបក្សពលករឃឺដ

0

ប្រទេសតួកគី៖ មន្រ្តីក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា កម្លាំងតួកគីបានវាយប្រហារតាមអាកាសនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងបានបំផ្លាញទីតាំង ២០កន្លែងរបស់គណបក្សពលករឃឺដ (PKK)។មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា  ការវាយប្រហារតាមអាកាសរបស់កម្លាំងតួកគីបានកំណត់គោលដៅទៅលើមូលដ្ឋានគណបក្សពលករឃឺដនៅក្នុងតំបន់ហ្ការ៉ា ហាគួក មេធីណា និងឃ្វេនឌីល។

យុទ្ធនាការយោធាបានកើតឡើងបន្ទាប់ពីអ្នកវាយប្រហារ ២នាក់បានប៉ុនប៉ង​វាយ​ប្រហារ​ដោយ​គ្រាប់​បែកនៅខាងមុខអគារក្រសួងមហាផ្ទៃតួកគី នៅក្នុងទីក្រុងអង់ការ៉ាកាលពីព្រឹកថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមន្ត្រីប៉ូលិស ២នាក់រងរបួសស្រាល។

អ្នកវាយប្រហារម្នាក់បានស្លាប់បន្ទាប់ពីគាត់បានបំផ្ទុះខ្លួនឯង ខណៈដែលអ្នកវាយប្រហារម្នាក់ទៀតត្រូវបានប៉ូលិសបាញ់សម្លាប់។

មន្ត្រីក្រសួងការពារជាតិបាននិយាយថា អ្នកវាយប្រហារម្នាក់គឺជាសមាជិករបស់គណបក្សពលករឃឺដ (PKK) ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកវាយប្រហារផ្សេងទៀត។

ជារឿយៗ កម្លាំងតួកគីបានធ្វើប្រតិបត្តិការជើងគោក វាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែកដោយកាំភ្លើងធំនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាពិសេសភ្នំឃ្វានឌីល ដែលជាមូលដ្ឋានសំខាន់របស់គណបក្សពលករឃឺដ។

ខណៈដែលបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here