ប្រទេសប៉ាគីស្ថាន៖ យោងតាមសម្តីពីខាងយោធាកាលពីយប់ថ្ងៃសុក្របានឲ្យដឹងថា មេបញ្ជាការក្រុមសកម្មប្រយុទ្ធម្នាក់ និងទាហានម្នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធា២លើក នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកនៃកម្លាំងសន្តិសុខបានប្រយុទ្ធគ្នាជាមួយក្រុមភេរវករនៅទីតាំង ២ផ្សេងគ្នាក្នុងខេត្តកាលពីយប់ថ្ងៃព្រហ្បតិ៍។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការផ្អែកលើការស៊ើបអង្កេតនៅក្នុងតំបន់កាតឡាងនៃស្រុកម៉ាដ្រានបណ្តាលឱ្យក្រុមភេរវករជាន់ខ្ពស់ម្នាក់ និងមេបញ្ជាការម្នាក់ឈ្មោះ ហ្វៃសាល ស្លាប់បាត់បង់ជីវិត។
ភេរវករដែលត្រូវបានសម្លាប់ធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្ម និងត្រូវបានភ្នាក់ងារអនុវត្តច្បាប់តាមចាប់ខ្លួន នេះបើយោងតាមសម្តីពីខាងយោធា។
នៅក្នុងប្រតិបត្តិការដោយឡែកមួយផ្សេងទៀត ទាហានម្នាក់ត្រូវបានសម្លាប់ក្នុងពេលប្រយុទ្ធគ្នាជាមួយក្រុមភេរវករនៅក្នុងតំបន់ផារ៉ាឈីណា ភាគពាយ័ព្យនៃប្រទេស។
កាលពីព្រឹកថ្ងៃសុក្រ ខាងយោធាបាននិយាយថា យ៉ាងហោចណាស់ទាហានប៉ាគីស្ថាន ៤នាក់ និងក្រុមភេរវករ ៣នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះអាវុធ នៅតំបន់ព្រំដែនប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន ភាគនិរតីខេត្តប៉ាឡូជីស្ថាន៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣