ប្រទេសប៉ាគីស្ថាន៖ ប្រធានប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ប៉ូលិសម្នាក់ និងក្រុម
ភេរវករ ២នាក់ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងការវាយប្រហារភេរវកម្មនៅបុស្ត៍ត្រួត
ពិនិត្យមួយកន្លែងក្នុងស្រុកមីអានវ៉ាលី នៅខេត្តផុនចាបភាគខាងកើតប្រទេសប៉ាគីស្ថាន។
លោក អូសម៉េន អានវើរ ឧត្តមស្នងការនៃប៉ូលិសខេត្តផុនចាបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមភេរវករចំនួនប្រមាណជា ១០ទៅ ១២នាក់ បានវាយប្រហារទៅលើប៉ូលិសដែលកំពុងតែបំពេញកាតព្វកិច្ចយាមល្បាតនៅបុស្ត៍ត្រួតពិនិត្យមួយកន្លែងក្នុងតំបន់ខុនដាល អ៊ីសា ខែល។
ប្រធានប៉ូលិសបាននិយាយថា “ក្រុមសន្តិសុខល្បាតប្រចាំការនៅលើដំបូលបុស្ត៍ត្រួតពិនិត្យបានឆ្លើយតបភ្លាមៗ និងបានបង្ក្រាបការវាយប្រហារបន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងខ្លាំង។” លោកបានបន្ថែមថា ប៉ូលិសម្នាក់ស្លាប់ ហើយចំណែកឯ ក្រុមភេរវករ ២នាក់ត្រូវបានសម្លាប់ក្នុងពេលបាញ់ប្រហារវាយបកវិញ។
យោងតាមប្រធានប៉ូលិសបានឱ្យដឹងថា ក្រុមភេរវករបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ និងបានរត់ចូលទៅក្នុងតំបន់ភ្នំ ភាគពាយ័ព្យនៃខេត្តខាយប័រ ផាកថុនវ៉ា ខណៈដែលក្រុមប៉ូលិស ដេញតាមចាប់ខ្លួនពួកគេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣