ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសម្លាប់ទាហានរដ្ឋាភិបាល២ នាក់

0

ប្រទេសយេម៉ែន៖ មន្ត្រី​យោធាប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់កម្លាំងរដ្ឋាភិបាលយេម៉ែន ២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលធ្វើឡើងដោយក្រុមឧទ្ទាមហ៊ូធី នៅភាគខាងជើងខេត្តសាដា។

មន្ត្រីយោធាក្នុងតំបន់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកើតឡើងកាលពីថ្ងៃសៅរ៍ ក្នុងពេលមាន​ក្បួន​ដង្ហែ​យោធា​ដ៏​ធំ​មួយ​ដែលរៀបចំដោយ​រដ្ឋាភិបាល​នៅ​ស្រុកបាឃូមក្នុង​ខេត្តសាដា។

យោងតាមប្រភពមន្ត្រីបានឱ្យដឹងថា ក្នុងពេលកំពុងដង្ហែរក្បួន ក្រុមឧទ្ទាមហ៊ូធីបានបង្កប់គ្រឿងផ្ទុះកែច្នៃនៅលើយន្តហោះគ្មានមនុស្សបើក បញ្ជាឲ្យហោះទៅកាន់ទីតាំងក្រុមយោធា ហើយយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានគេចផុតពីការស្ទាក់ចាប់របស់យោធា និងបានវាយប្រហារទៅលើគោលដៅដោយបានសម្លាប់ទាហាន ២នាក់ និងបណ្តាលឱ្យទាហានមួយចំនួនផ្សេងទៀតរងរបួស។

ឧបទ្វហេតុនេះបានកើតឡើងក្នុងពេលមួយសប្តាហ៍បន្ទាប់ពីមានការវាយប្រហារមួយផ្សេងទៀតដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហ៊ូធី។ ការវាយប្រហារនោះបានសម្លាប់ទាហានបារ៉ែននៃកម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីត ៤នាក់  នៅក្បែរព្រំដែន ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសយេម៉ែន។

កាលពីថ្ងៃពុធ លោកប្រធានាធិបតីប្រទេសយេម៉ែន ម៉េន អាបដុលម៉ាលីក សាយអេដ បានជំរុញកម្លាំងយោធារដ្ឋាភិបាលឱ្យនៅតែប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុមឧទ្ទាមហ៊ូធី។

លោក សាយអេដ បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការវាយប្រហារ របស់ក្រុមឧទ្ទាមហ៊ូធីនាពេលថ្មីៗនេះដែលប្រឆាំងដោយចំហចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់និងអន្តរជាតិដើម្បីស្តារសន្តិភាពនិងដំណើរការនយោបាយដែលបានជាប់គាំងក្នុងប្រទេសយេម៉ែនឱ្យប្រសើរឡើងវិញ។

គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ ដោយក្រុមឧទ្ទាមហ៊ូធីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយេម៉ែន។ កម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះដែលគាំទ្រដល់រដ្ឋាភិបាលយេម៉ែនកាលពីឆ្នាំ២០១៥៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here