ក្រុមចារកម្មទួកគីសម្លាប់សមាជិក YPG ជាន់ខ្ពស់ម្នាក់

0

ប្រទេសទួកគី៖ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍កាលពីថ្ងៃចន្ទថា អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានសម្លាប់សមាជិកជាន់ខ្ពស់នៃអង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP) ក្នុងអំឡុងពេលប្រតិបត្តិការមួយនៅទីក្រុងឃ្វាមម៉ីសលី ភាគខាងជើងប្រទេសស៊ីរី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានបញ្ជាក់ឲ្យដឹងថា សមាជិកជាន់ខ្ពស់នៃអង្គភាពការពារប្រជាជនឃឺដដែលត្រូវបានសម្លាប់មានឈ្មោះថា មូហ្សលីហ្វ ថាសគីន។ លោកត្រូវបានចោទប្រកាន់ពីបទរៀបផែនការវាយប្រហារភេរវកម្មកាលពីឆ្នាំ២០០៧ នៅក្នុងភូមិដាកលីកា

ភាគអាគ្នេយ៍ខេត្តហាការ៉ី ដោយបានសម្លាប់ទាហាន ១២នាក់ និង១៦នាក់ផ្សេងទៀតរងរបួស។

ប្រព័ន្ធផ្សព្វផ្សាយតួកគីស្រង់សម្តីសន្តិសុខម្នាក់ដែលមិនបញ្ចេញឈ្មោះមានខ្លឹមសារថា លោកថាសគីន គឺជាមន្ត្រីសណ្តាប់ធ្នាប់សាធារណៈទូរទៅនៃអង្គភាពការពារប្រជាជនឃឺដស៊ីរីដែល

ទីក្រុងអង់ការ៉ាបានចាត់ទុកជាសាខារបស់គណបក្សពលករឃឺដ (PKK)។

លោកថាសគីន មានឈ្មោះហៅក្រៅ អាសឡានសែឡេ ឬអាសឡានសាមូរ៉ា បានចូលរួមជាមួយគណបក្សពលករឃឺដ (PKK) នៅតំបន់ជនបទកាលពីឆ្នាំ១៩៨៨ ហើយក្រោយមកបានឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ទៅកាន់ប្រទេសស៊ីរី។

ក្រុមចារកម្មទួកគីបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្រៅប្រទេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីលុបបំបាត់សកម្មភាពភេរវកម្មនៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់។ ប្រទេសទាំងពីរស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសតួកគី ។

បក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here