ប្រទេសតួកគីឃុំខ្លួនក្រុមភេរវករ ២០នាក់

0

ប្រទេសតួកគី៖ លោក អាលី យឺរលីខាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស ២០នាក់ត្រូវបានឃុំខ្លួនក្នុងប្រតិបត្តិការប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅខេត្តភាគពាយ័ព្យនៃប្រទេសតួកគី។

លោក យឺរលីខាយ៉ា បានផុសសារនៅលើបណ្តាញសង្គមអ៊ីក្សថា ប្រតិបត្តិការក្នុងពេលដំណាលគ្នាត្រូវបានធ្វើឡើងទៅលើទីតាំង ២៦កន្លែងក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងកឺកឡារេលី។

លោក យឺរលីខាយ៉ា បាននិយាយថា កម្លាំងតួកគីបានបង្ក្រាបក្រុមភេរវករ និងអ្នកដែលកំពុងជួយក្រុមភេរវករ ដោយលោកបញ្ជាក់បន្ថែមថា មនុស្ស ២០នាក់ត្រូវបានឃុំខ្លួនក្នុងប្រតិបត្តិការលបឆ្មក់ដែលធ្វើឡើងដោយប្រធានអង្គភាពប្រឆាំងភេរវកម្មអ៊ីស្តង់ប៊ុល។

លោករដ្ឋមន្ត្រីបាននិយាយថា កម្លាំងតួកគីបានរកឃើញថា ជនសង្ស័យទាំងនោះបាននិងកំពុងប្រមូលមូលនិធិសម្រាប់សមាជិកអង្គការភេរវករ និងកំពុងបង្កើតទីតាំងលាក់ខ្លួន។

ប្រតិបត្តិការត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកវាយប្រហារ២នាក់បានប៉ុនប៉ងវាយប្រហារដោយគ្រាប់បែកនៅពីខាងមុនអគារក្រសួងមហាផ្ទៃតួកគីក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃអាទិត្យបណ្តាលឱ្យប៉ូលិស ២នាក់រងរបួស។

ខាងក្រសួងបានបន្ថែមឱ្យដឹងថា អ្នកវាយប្រហារម្នាក់ត្រូវបានគេកំណត់បានថាជាសមាជិកនៃគណបក្សពលករឃឺដ(PKK) ដែលមានឈ្មោះក្នុងបញ្ចីអង្គការភេរវករដោយប្រទេតួកគី។

គណបក្សពលករឃឺដបាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គីអស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ០២ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here