ប្រទេសសូម៉ាលី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា កម្លាំងវរជននៃកម្លាំងទ័ពជាតិ
សូម៉ាលី ដែលគាំទ្រដោយកម្លាំងដៃគូអន្តរជាតិ បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ២០នាក់ ក្នុងប្រតិបត្តិការមួយយប់ភាគខាងត្បូងតំបន់មូដុក នៅកណ្តាលប្រទេសសូម៉ាលី។
មន្ត្រីក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍បាននិយាយថាប្រតិបត្តិការរួមគ្នាបានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប នៅទីតាំងលាក់ខ្លួនរបស់ពួកគេក្នុងព្រៃស្ហាបែលឡូ។
មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅទីក្រុងម៉ូហ្កាឌីស្យុថា “ប្រតិបត្តិការរួមគ្នាមានគោលបំណងដើម្បីបំផ្លាញរថយន្តចម្បាំងដែលក្រុមភេរវករបានប្រើសម្រាប់ការដឹកជញ្ជូនកម្លាំងយោធា អាហារ ថ្នាំពេទ្យ និងបិទបណ្តាញរបស់ពួកគេ ត្រូវបានបំផ្លាញទាំងស្រុង។”
មន្ត្រីក្រសួងបាននិយាយថា កម្លាំងទ័ពបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាបមិនតិចជាង ១០០នាក់ កាលពីសប្តាហ៍មុនក្នុងការប្រយុទ្ធគ្នាដ៏សាហាវបំផុតនៃប្រតិបត្តិការរយៈពេលមួយឆ្នាំដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលបានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលក្នុងការវាយប្រហារប្រចាំថ្ងៃ។
ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប មិនទាន់អត្ថាធិប្បាយលើការវាយប្រហារចុងក្រោយរបស់កងកម្លាំងរដ្ឋាភិបាលទេ។
យុទ្ធនាការដើម្បីដណ្តើមការគ្រប់គ្រងប្រទេសមកវិញកើតឡើងបន្ទាប់ពីទីក្រុងមូហ្កាឌីស្យុ បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពន្យារពេលដកកងទ័ពចេញពីប្រទេសសូម៉ាលី។
ក្រោមស្ថានភាពបច្ចុប្បន្ន កម្លាំងទ័ពនៃបេសកកម្មផ្លាស់ប្តូរអាហ្វ្រិកក្នុងប្រទេសសូម៉ាលីប្រមាណជា ៣០០០នាក់ ត្រូវចាកចេញពីប្រទេសសូម៉ាលីនៅចុងខែកញ្ញា នៅក្នុងការពន្យាពេលដកកងទ័ពមានន័យថាត្រូវអូសបន្លាយពេលទៅដល់ខែធ្នូ ឆ្នាំ២០២៤៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣