ប្រទេសលីបង់៖ បុស្ត៍ទូរទស្សន៍ អាល់ ម៉ាណា លីបង់បានរាយការណ៍ថា កងពលតូច
អាល់ ឃ្វីដ ដែលជាសមាជិករបស់ក្រុមអ៊ីស្លាមជីហាដប៉ាឡេស្ទីន ដែលហៅកាត់ថា (PiJ) កាលពីថ្ងៃចន្ទ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើកម្លាំងទ័ពអ៊ីស្រាអែលនៅតំបន់ព្រំដែនលីបង់ ដែលស្ថិតក្នុងទឹកដីដែលរដ្ឋប៉ាឡេស្ទីនកាន់កាប់។
យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ២នាក់ដែលបានឆ្លងកាត់ព្រំដែនចេញពីប្រទេសលីបង់កាលពីថ្ងៃចន្ទ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពួកគេជាមួយនឹងក្រុមសកម្មប្រយុទ្ធ ៥នាក់ដែលបានឆ្លងព្រំដែនចូលទៅភាគខាងជើងប្រទេសអ៊ីស្រាអែល បានបាញ់គ្រាប់កាំភ្លើងធំ ២គ្រាប់ទៅកាន់ទឹកដីអ៊ីស្រាអែល។
ប្រភពបន្ថែមថា នៅក្នុងឆ្លើយតប យោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសលីបង់ដោយប្រើឧទ្ធម្ភាគចក្រ។
ក្រុមហេសបូឡា (Hezbollah) ដែលជាក្រុមប្រដាប់អាវុធមានមូលដ្ឋាននៅក្នុងប្រទេសលីបង់ កាលពីថ្ងៃចន្ទ បានបដិសេធតាមរយៈសារព័ត៌មានរ៉ោតទ័រពីការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន ឬការជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែល។
ភាពតានតឹងនៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែល បានកើនឡើងក្នុង
រយៈពេលពីរថ្ងៃមកនេះដោយក្រុមសកម្មប្រយុទ្ធហេសបូឡាបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងការគាំទ្រដល់ការវាយប្រហារដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីនកាលពីព្រឹកថ្ងៃសៅរ៍ ដែលបានជំរុញឱ្យមានការបាញ់កាំភ្លើងធំចេញពីខាងអ៊ីស្រាអែលសម្រាប់ការសងសឹក៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣