រដ្ឋប៉ាឡេស្ទីន៖ ក្រុមអ្នកកាសែតប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ថាអ្នកកាសែតប៉ាឡេស្ទីនយ៉ាងហោចណាស់ ១១នាក់ត្រូវបានសម្លាប់ និង ២០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់កម្លាំងអ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន ក្រុមអ្នកកាសែតបាននិយាយថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក តំបន់ និងអន្តរជាតិ ៥០កន្លែង រងការវាយប្រហារតាមអាកាសទៅលើតំបន់ហ្កាហ្សា ដែលបានអូសបន្លាយក្នុងរយៈពេលប្រមានជា១០ថ្ងៃមកនេះ។
ក្រុមអ្នកកាសែតបានបន្តថា អ្នកកាសែត ២នាក់បានបាត់ខ្លួននៅពេលដែលពួកគេស្ថិតក្នុងស្ថានភាពប្រយុទ្ធគ្នារវាងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា និងកម្លាំងអ៊ីស្រាអែល។
ប្រភពបានបញ្ជាក់បន្ថែមថា បញ្ហាមិនមានចរន្តអគ្គិសនី និងអ៊ីនធឺណិត ក្នុងតំបន់ហ្កាហ្សាបានបង្អាក់អ្នកសារព័ត៌មានក្នុងការបន្តការងារផ្សាយរបស់ពួកគេ។
ក្រុមអ្នកកាសែតបាននិយាយថា “អ្នកកាសែតជាច្រើននាក់រងការគំរាមកំហែងដោយផ្ទាល់ និងការញុះញង់ចេញពីប្រទេសអ៊ីស្រាអែលនៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម” ហើយសូមអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ការពារក្រុមអ្នកសារព័ត៌មានផង។
ក្រុមហាម៉ាសបានបើកការវាយប្រហារទៅលើទីក្រុងអ៊ីស្រាអែលដែលស្ថិតនៅជាប់តំបន់ហ្កាហ្សា កាលពីសប្តាហ៍មុនដែលជម្រុញឱ្យកម្លាំងអ៊ីស្រាអែលវាយប្រហារតាមអាកាសទៅលើតំបន់ហ្កាហ្សា៕
ប្រភព Xinhua ចេញផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣