ក្រុមហេសបូឡាវាយប្រហារលើទីតាំងអ៊ីស្រាអែល ៥កន្លែង

0

ប្រទេសលីបង់៖ ក្រុមហេសបូឡាកាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ បានប្រកាសថា​ ក្រុមរបស់ពួកគេបានវាយប្រហារសំដៅទៅលើទីតាំងយោធាអ៊ីស្រាអែល ៥កន្លែងដោយគ្រាប់ត្រយោងចេក និងកាំភ្លើងយន្ត ខណៈដែលខាងអ៊ីស្រាអែលបានវាយបកវិញដោយបាញ់គ្រាប់មីស៊ីលមួយចំនួនទៅភាគខាងត្បូងប្រទេសលីបង់។

ក្រុមប្រដាប់អាវុធ និងគណបក្សនយោបាយដែលមានមូលដ្ឋាននៅប្រទេសលីបង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានកំណត់គោលដៅវាយប្រហារទៅលើតំបន់ម៉ីសហ្កេវ អាំ តំបន់ខឺបាត អាល់ មេនអារ៉ា តំបន់ហឺរម៉ូន តំបន់រ៉ីស្ហា និងតំបន់រ៉ាមយ៉ា នៅភាគខាងជើងប្រទេសអ៊ីស្រាអែល បណ្តាលឱ្យភាគីអ៊ីស្រាអែលរងរបួសជាច្រើននាក់។

យ៉ាងណាមិញ ប្រភពពីយោធាលីបង់បានរាយការណ៍ថា ក្រុមហេសបូឡាបានកំណត់គោលដៅវាយប្រហារទៅលើកាមេរ៉ាសុវត្ថិភាពដែលកម្លាំងអ៊ីស្រាអែលបានដំឡើងនៅទីតាំងអាល់ចាដាស ក្នុងភាគខាងត្បូងប្រទេសលីបង់។  ប្រភពយោធាបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលបានវាយបកវិញដោយបាញ់គ្រាប់មីស៊ីល ៧គ្រាប់ស្រោចទៅលើទីតាំងរបស់ក្រុមហេសបូឡា​នៅជាយក្រុងនៃព្រំដែនរីមេស។

ប្រភព​បាន​បន្ថែម​ថា កាំភ្លើង​ធំ​ធុន​ធ្ងន់ ១៥៥មីល្លីម៉ែត្រ​របស់​អ៊ីស្រាអែលបានបាញ់គ្រាប់ស្រោចទៅលើតំបន់ជាច្រើនក្នុងប្រទេសលីបង់ ក្នុងនោះរួមមាន តំបន់រីម៉ីស តំបន់ដេបេល តំបន់អេន អេប៊ល តំបន់អាល អាល់ដាហ៊ីរ៉ា តំបន់ប៉ារ៉ាកាត ស៊ីស្ហា តំបន់អាល បូស្តាន តំបន់យ៉ារ៉ីន និងតំបន់ថាយ ហាហ្វា។

ភាពតានតឹងនៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែលបានកើនឡើង ក្រោយពេលក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ូកែតទៅលើទីតាំងយោធាកាលពីថ្ងៃទី៨ ខែតុលា ក្នុងតំបនស្ហីបា ហ្វាម្ស ដើម្បីគាំទ្រដល់ប្រតិបត្តិការ អាល់ អាក់សា ហ្លដ ដែលធ្វើឡើងដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលជាការជម្រុញឱ្យមានការវាយបកវិញនៅថ្ងៃដដែល ដោយប្រើកាំភ្លើងធំ និងការកំណត់គោលដៅទៅលើតំបន់ជាច្រើននៅភាគអាគ្នេយ៍ប្រទេសលីបង់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here