មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

រដ្ឋប៉ាឡេស្ទីន៖ កងពលតូចអាល់ កាហ្ស៊ីម សាខានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានប្រកាសកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា​ថា មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ពួកគេត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួននៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប។

កងពលតូចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក អាមេន ណូហ្វាល ដែលជាសមាជិកក្រុមប្រឹក្សាយោធារបស់ក្រុមហាម៉ាស និងជាមេបញ្ជាការកងពលតូច ត្រូវបានសម្លាប់ក្នុងហេតុការណ៍ទំលាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនបូរ៊ីច។

លោក ណាហ្វាល មានអាយុ ៥៨ឆ្នាំ គឺជាមេដឹកនាំ​យោធា​ជាន់ខ្ពស់​ដំបូង​របស់​ក្រុម​ហាម៉ាស ដែលស្លាប់ក្នុងជម្លោះចុងក្រោយរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ជាមួយកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលានេះ។ លោកទទួលបន្ទុកដឹកនាំកងពលតូច អាល់ កាហ្ស៊ីម នៅកណ្តាលតំបន់ហ្កាហ្សា។

កងកម្លាំងសន្តិសុខប៉ាឡេស្ទីនបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារលើផ្ទះមួយចំនួននៅក្នុងជំរំដែលបណ្តាលឲ្យលោក ណូហ្វាល និងសមាជិកមួយចំនួនផ្សេងទៀតស្លាប់ និងសមាជិកជាច្រើននាក់រងរបួស។ យោធាអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍អំពីហេតុការណ៍ដែលបណ្តាលឲ្យលោក ណូហ្វាល ស្លាប់។

កាលពីសៅរ៍ ទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារដោយបាញ់គ្រាប់រ៉ូកែតរាប់ពាន់គ្រាប់ស្រោចទៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងទីប្រជុំជនដែលស្ថិតនៅជាប់តំបន់ហ្គាហ្សាស្ទ្រីប ដែលជាហេតុជម្រុញឱ្យអ៊ីស្រាអែលវាយប្រហារតាមអាកាសទៅលើតំបន់ហ្កាហ្សាវិញ។ ក្រុមសកម្មប្រយុទ្ធហាម៉ាស បានជ្រៀត​ចូល​ទឹកដី​អ៊ីស្រាអែល និង​បានចាប់​ចំណាប់ខ្មាំងក្នុង​អំឡុងពេល​វាយ​ប្រហារ។

យោងតាមតួលេខដែលបញ្ចេញដោយខាងយោធាអ៊ីស្រាអែលបានបង្ហាញថា  មនុស្សរស់នៅក្នុងប្រទេសអ៊ីស្រាអែលមិនតិចជាង ១,៣០០នាក់នោះទេដែលស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ចំណែកឯក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​ចេញ​ផ្សាយអំពី​តួលេខនៃជនជាតិប៉ាឡេស្ទីនដែលស្លាប់ក្នុងការវាយរបស់ប្រហារអ៊ីស្រាអែលមានចំនួនរហូតទៅដល់ ២,៨០៨នាក់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here