ក្រុមសកម្មប្រយុទ្ធស្ហីអ៊ីតអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ

0

ប្រទេសអ៊ីរ៉ាក់៖ ក្រុមកងជីវពលស្ហីអ៊ីតអ៊ីរ៉ាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីព្រលឹមថ្ងៃអាទិត្យ ទី២២ ខែតុលា ទៅលើកន្លែងស្នាក់នៅរបស់អ្នកជំនាញ និងភ្នាក់ងារទ័ពអាកាសអាមេរិកនៅខេត្តអានបា ភាគខាងលិចប្រទេសអ៊ីរ៉ាក់។

ក្រុមប្រដាប់អាវុធបានហៅខ្លួនឯងថា ចលនារដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានអះអាងក្នុងសេចក្តីថ្លែងការណ៍អនឡាញថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេបានបញ្ជាយន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿងដែលមានបំពាក់គ្រាប់បែក ហោះហើរនៅលើមូលដ្ឋានអាកាស អ៊ីន អាល អាសាដ នៅក្បែរទីប្រជុំជន អាល បាកដាដឌី ដែលមានចម្ងាយប្រមាណជា​១៩០គីឡូម៉ែត្រ​ ភាគពាយ័ព្យនៃរាជធានីបាកដាដ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ស្ថានភាពជាក់ស្តែង​ដែល​មិន​អាច​​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នោះគឺថា យន្តហោះ​គ្មាន​មនុស្សបើកទាំងពីរ​គ្រឿងបាន​វាយ​ប្រហារ​ចំគោល​ដៅដែលបានកំណត់​។

កាលពីព្រលឹមថ្ងៃអាទិត្យ មន្ត្រីម្នាក់មកពីកងទ័ពអ៊ីរ៉ាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារនោះបានធ្វើឱ្យខូចខាតសម្ភារៈតិចតួចប៉ុណ្ណោះ។

មន្ត្រីរូបនោះបានបន្ថែមទៀតថា កម្លាំងសន្តិសុខអ៊ីរ៉ាក់នៅក្នុងតំបន់បានឡោមព័ទ្ធមូលដ្ឋានទ័ពអាកាស និងបើកប្រតិបត្តិការរុករក។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមសកម្មប្រយុទ្ធបានអះអាងថាបានបាញ់គ្រាប់រ៉ូកែត និងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើកន្លែងស្នាក់នៅរបស់កម្លាំងទ័ពអាមេរិក ​នៅទូទាំង​ប្រទេស។ ក្រុមនេះថែមទាំងបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារស្រដៀងគ្នាពីមុនមកទៅលើកម្លាំងយោធាអាមេរិកនៅក្នុងប្រទេសស៊ីរី៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here