ប្រទេសអ៊ីស្រាអែល៖ ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យក្នុងការវាយប្រហារដោយកងពល អាល ឃ្វាសាម ដែលជាសាខាយោធារបស់ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន នៅជាយក្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានដែលបានផ្ញើទៅអ្នកសារព័ត៌មាន កងពល អាល ឃ្វាសាម បាននិយាយថា សមាជិកក្រុមសកម្មប្រយុទ្ធរបស់ពួកគេបានប្រើរថក្រោះអ៊ីស្រាអែលមួយគ្រឿងក្នុងការវាយប្រហារនៅភាគខាងកើតនៃតំបន់ ខាន យូនីស។ ប្រភពបានបន្ថែមថា សមាជិកក្រុមសកម្មប្រយុទ្ធទាំងនោះបានត្រលប់ទៅមូលដ្ឋានវិញដោយជោគជ័យ ក្រោយពីបំផ្លាញអេស្កាវ៉ាទ័រ ២គ្រឿង និងរថក្រោះមួយគ្រឿង រួមទាំងបានបង្ខំកងកម្លាំងរថក្រោះឱ្យដកថយ។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា ការវាយប្រហារទៅលើកម្លាំងទ័ព
អ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការប្រមូលព័ត៌មានរបស់អ្នកបាត់ខ្លួន បានបណ្តាល
ឱ្យទាហានអ៊ីស្រាអែលយ៉ាងហោចណាស់ម្នាក់រងរបួស។
យ៉ាងណាមិញ ទាហានអ៊ីស្រាអែលបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានម្នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ដោយគ្រាប់មីស៊ីលប្រឆាំងរថក្រោះដែលបាញ់ចេញពីតំបន់ហ្កាហ្សាទៅលើរថក្រោះ និងរថយន្តវិស្វកម្មរបស់ពួកគេនៅក្បែរតំបន់គីបុតហ្ស ឃីសសូហ្វីម ដែលជាសហគមន៍អ៊ីស្រាអែលមួយនៅជុំវិញរដ្ឋប៉ាឡេស្ទីន។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កម្លាំងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការជាច្រើនក្នុងតំបន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវករ សម្អាតតំបន់ និងស្វែងរកអ្នកបាត់ខ្លួននិងសាកសព៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣