ទាហាន ៣នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយអង្គភាពឃឺដ

0

ប្រទេសអ៊ីរ៉ាក់៖ ទាហាន ៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ក្នុងពេលប៉ះទង្គិចគ្នារវាងកម្លាំងទាហានអ៊ីរ៉ាក់និងកងកម្លាំងប៉េសមឺហ្គា (Peshmerga) នៃអង្គភាពឃឺដ ដើម្បីគ្រប់គ្រងបុស្ត៍ត្រួតពិនិត្យយោធា​នៅ​តំបន់ម៉ាកមួរនៅភាគ​ខាងជើង​ប្រទេសអ៊ីរ៉ាក់។

ហេតុការណ៍ប៉ះទង្គិចគ្នា ដែលត្រូវបានរាយការណ៍ថាបានផ្ទុះឡើងកាលពីពេលរសៀល និងមានរយៈពេលប្រមាណជា២ម៉ោងបានបណ្តាលឱ្យសមាជិក ៧នាក់នៃភាគីទាំងសងខាងរងរបួស។

លោក មូហាមមិដ ស្ហៀ អាល សុដានី រដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់ បានបញ្ជាឱ្យបើកការស៊ើបអង្កេតទៅលើឧបទ្វហេតុនេះ ដោយជម្រុញដល់មេបញ្ជាការយោធាទាំងអស់ មិនថានៅខាងកម្លាំងសហព័ន្ធ ឬកងកម្លាំងប៉េសមឺហ្គា (Peshmerga) ឱ្យហ្វឹកហាត់ភាពអត់ធ្មត់។

មន្ត្រីយោធាសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា ហេតុការណ៍ប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីតាំងបុស្ត៍ត្រួតពិនិត្យ ៣កន្លែងក្បែរជំរំជនភៀសខ្លួនម៉ាកមួរ ដែលមានចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រ​ ភាគអាគ្នេយ៍នៃទីក្រុងម៉ូសូល។

មន្ត្រីយោធាបានបន្ថែមថា ទាំងខាងកងទ័ព និងអង្គភាពឃឺដ បានទាមទារសិទ្ធគ្រប់គ្រងបុស្ត៍ត្រួតពិនិត្យទាំងនោះ ក្រោយពីគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅខេត្តភាគពាយ័ព្យ ប្រទេសតួកគី បានប្រកាសដកកងទ័ពចេញពីបុស្ត៍ត្រួតពិនិត្យទាំងនោះកាលពី ៣ថ្ងៃមុន។

តំបន់ម៉ាកមួរស្ថិតនៅក្នុងតំបន់ជម្លោះដែលត្រូវបានទាមទារដោយទីក្រុងបាកដាដ និងតំបន់ឃឺដពាក់កណ្តាលស្វយ័ត។ ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរកើតមានជាយូរមកហើយ នៅពេលដែលជនជាតិភាគតិចឃឺដបានចាត់ទុកតំបន់ដែលសម្បូរប្រេងនៅភាគខាងជើងខេត្តកឺកុក  និងផ្នែកខ្លះនៃខេត្តនីនេវេហ ខេត្តឌីយ៉ាឡា និងខេត្តសាឡាហូដឌីនថាជាតំបន់ជម្លោះ និង

ចង់បញ្ជូលតំបន់ទាំងនោះទៅក្នុងទឹកដីរបស់ពួកគេ។ វាជាចលនាខ្លាំងក្លាមួយដែលរដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆាំង៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here