មនុស្សម្នាក់ស្លាប់ និងក្មេង ២នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី

0

ប្រទេសយេម៉ែន៖ ភ្នាក់ងារសារព័ត៌មានរដ្ឋសាបាបានរាយការណ៍ថា ក្រុមឧទ្ទាមហ៊ូធីបានបើកការវាយប្រហារកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ទៅលើខេត្តថេហ្សភាគនិរតីនៃប្រទេសយេម៉ែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបង្ករបួសដល់ក្មេង ២នាក់ផ្សេងទៀត។

នៅក្នុងរបាយការណ៍មានខ្លឹមសារថា ក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារកំណត់គោលដៅទៅលើអ្នកតាំងលំនៅនៃតំបន់រ៉ាដាស់ ដោយប្រើកាំភ្លើងត្បាល់បាញ់ផ្លោងមិនរើសមុខ និងបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសដល់ក្មេង ២នាក់។

ខេត្តថេហ្សបានជាប់គាំងក្នុងសង្គ្រាមស៊ីវិលយេម៉ែនចាប់តាំងពីក្រុមឧទ្ទាមហ៊ូធីបានប៉ុនប៉ងដណ្តើមការគ្រប់គ្រងប្រទេសវិញទាំងស្រុងកាលពីឆ្នាំ២០១៥។ ក្រុមឧទ្ទាមបានឡោមព័ទ្ធខេត្តថេហ្ស ប៉ុន្តែមិនទាន់​​ដណ្តើម​បានតំបន់​ទាំង​អស់​​ពីកម្លាំងរដ្ឋាភិបាលយេម៉ែនមកវិញនោះទេ។

យោងតាម​ប្រជាពលរដ្ឋ និង​មន្ត្រីបានបញ្ជាក់ឱ្យដឹងថា ជាញឹកញាប់ ក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារកំណត់គោលដៅទៅលើខេត្តថេហ្សដោយការបាញ់រះ និងការលបបាញ់។

ក្រុមឧទ្ទាមហ៊ូធីមិនទាន់បានបញ្ចេញមតិចំពោះការវាយប្រហារនេះទេ។

គួររំលឹកផងដែរថា សង្គ្រាមស៊ីវិលយេម៉ែនបានចាប់ផ្តើមកាលពីឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដណ្តើមបានការគ្រប់គ្រងលើរាជធានីសាណ និងតំបន់មួយចំនួននៅភាគខាងជើង។ កម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍កាលពីឆ្នាំ២០១៥ដើម្បីជួយស្តាររដ្ឋាភិបាលយេម៉ែន។ ជម្លោះ​នោះបាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង​បានបង្ក​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here