ប្រទេសកុងហ្គោ៖ អ្នកនាំពាក្យយោធាកុងហ្គោបាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា មនុស្សយ៉ាងហោចណាស់ ២៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដែលសន្មតថាធ្វើឡើងដោយកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ដែលហៅកាត់ថា (ADF) នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែតុលា ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។
លោក អេនថូនី មួអាឡូសស្ហាអ៊ី អ្នកនាំពាក្យយោធាក្នុងតំបន់បេននីបាននិយាយថា ក្រុមឧទ្ទាមបានបើកការវាយប្រហារនៅម៉ោងប្រមាណជា ៨:៣០នាទី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា នៅជាយក្រុងអូចា ដែលជាទីក្រុងមួយស្ថិតនៅភាគខាងកើតខេត្ត ណ័ស គីវ ។
លោកបានបន្ថែមថា ក្រុមឧទ្ទាមបានចាប់ចងជនរងគ្រោះជាច្រើននាក់មុនពេលផ្តាច់ជីវិតរបស់ពួកគេដោយប្រើកាំបិត និងគ្រាប់កាំភ្លើង។ កម្លាំងយោធាត្រូវបានពង្រាយបន្ទាប់ពីការវាយប្រហារដើម្បីបន្តតាមដានក្រុមឧទ្ទាម។
គួរបញ្ជាក់ផងដែរថាក្រុងអូចាដែលស្ថិតនៅក្នុងតំបន់បេនីប្រឈមនឹងការញាំញីដោយការវាយប្រហាររបស់ក្រុមឧទ្ទាមនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តអស់ជាច្រើនទសវត្សរ៍មកហើយ។
កងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដោយចលនាប្រឆាំងជាច្រើននៅប្រទេសអ៊ូហ្គង់ដា។ វាមានមូលដ្ឋានចេញពីអ៊ូហ្គង់ដាខាងលិច ប៉ុន្តែបានពង្រីកខ្លួនទៅដល់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលនៅជិតខាងគ្នា
បណ្តាលឱ្យមានប្រតិបត្តិការរួមគ្នារវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសកុងហ្គោ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមនោះ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣