ប្រទេសលីបង់៖ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមយោធាស្ហីអ៊ីតបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធហេសបូឡា ៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ក្នុងការប្រឈមមុខដាក់គ្នាជាមួយកម្លាំងអ៊ីស្រាអែលនៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែល។
ប្រភពយោធាលីបង់បានប្រាប់ភ្នាក់ងារព័ត៌មានថា កម្លាំងរួមគ្នារបស់ទាហានលីបង់ និងកងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅលីបង់ ដែលហៅកាត់ថា (UNIFIL) និងអង្គភាពកាកបាទក្រហម បានដឹកសាកសពសមាជិកក្រុមហេសបូឡា ២នាក់ដែលស្លាប់ដោយសារគ្រាប់មីស៊ីលអ៊ីស្រាអែលក្នុងភូមិឃេហ្វាចូបា ភាគអាគ្នេយ៍ប្រទេសលីបង់ នៅពេលដែលក្រុមហេសបូឡាបានជម្លៀសសាកសពទី៣។
យោងតាមប្រភពសន្តិសុខផ្ទៃក្នុងលីបង់បានប្រាប់អ្នកយកព័ត៌មានថា យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលបានលបវាយឆ្មក់ជាច្រើនលើក ដោយកំណត់គោលដៅនៅភាគខាងត្បូងទីក្រុងថាល អាល ណាហាស់ នៅខាងជើងភូមិកាហ្វ គីឡា និងតំបន់សារដា ភាគខាងកើតភូមិ អាល វ៉ាហ្សានី និងនៅជាយភូមិហ្វាចូបា ភាគអាគ្នេយ៍ប្រទេសលីបង់។
ប្រភពបានបន្ថែមថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើតំបន់ជាយក្រុមរេម៉ីស នៅក្បែរមណ្ឌលកងទ័ពលីបង់ ប៉ុន្តែប្រភពមិនបានរាយការណ៍អំពីចំនួនអ្នកស្លាប់ឬរបួសនោះទេ។
យ៉ាងណាមិញ ក្រុមហេបូឡាបានប្រកាសថា ពួកគេបានវាយប្រហារដោយមីស៊ីលទៅលើទីតាំងអ៊ីស្រាអែល២កន្លែងនៅក្នុងតំបន់ អាល ម៉ាច ដែលស្ថិតនៅទល់មុខនឹងទីក្រុងម៉ាកាបា និងទីតាំង អាល់ អាបាដ អ៊ីស្រាអែល ដែលស្ថិតនៅទល់មុខទីក្រុងហូឡា។
តាមសេចក្តីថ្លែងការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា លោក ណាជីប មីខាធី នាយករដ្ឋមន្ត្រីប្រទេសលីបង់បានអំពាវនាវឱ្យមានបទឈប់បាញ់គ្នានៅក្នុងប្រទេសប៉ាឡេស្ទីនកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា និងបានរំលឹកអំពីសេចក្តីអំពាវនាវរបស់លោកសាជាថ្មីដើម្បីបញ្ចប់ការរំលោភលើអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើប្រទេសលីបង់។
សុន្ទរកថារបស់លោកមីខាធីបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកនៅភាគខាងត្បូងប្រទេសលីបង់ ដែលអមដំណើរដោយលោក ចូសេប អូន មេបញ្ជាការកងទ័ពលីបង់ ដើម្បីតាមដានប្រតិបត្តិការកងទ័ពលីបង់ និងកងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅលីបង់។
ការប្រយុទ្ធគ្នានៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមនៅពេលដែលក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់កាលពីថ្ងៃទី៨ ខែតុលា ទៅលើទីតាំងយោធាជាច្រើនកន្លែងក្នុងការគាំទ្រដល់ការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។
នៅក្នុងថ្ងៃដដែល កម្លាំងអ៊ីស្រាអែលបានបាញ់កាំភ្លើងធំទៅវិញពីភាគអាគ្នេយ៍ប្រទេសលីបង់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣