សមាជិកអ្នកកាសែតអាល់ហ្សេរ៉ា ៣នាក់ស្លាប់ក្នុងការវាយប្រហារលើតំបន់ហ្កាហ្សា

0

រដ្ឋប៉ាឡេស្ទីន៖ យោងតាមប្រភពសន្តិសុខ និងខាងវេជ្ជសាស្ត្រ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ទី២៥ ខែតុលាថា សមាជិកគ្រួសារចំនួន ៣នាក់របស់លោក វ៉េល អាល ដាឌូ ប្រធានការិយាល័យនៃអង្គភាពសារព័ត៌មានអាល ហ្សេរ៉ា​ អារ៉ូប៊ិក ក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា កម្លាំងអ៊ីស្រាអែលបានលបវាយឆ្មក់ទៅលើផ្ទះ២កន្លែងនៅជំរំជនភៀសខ្លួន ណូសៀរ៉ាត ដោយបានសម្លាប់មនុស្សមួយចំនួន​ក្នុងនោះមានប្រពន្ធ កូនប្រុសម្នាក់ កូនស្រីម្នាក់ របស់លោក អាល ដាឌូ។

​​យោង​តាម​សេចក្តី​ថ្លែងការណ៍ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់នៅ​ក្នុង​តំបន់​ហ្គាហ្សាបានឱ្យដឹងថា ទោះបីជាត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីបដើម្បីរកទីតាំងដែលមានសុវត្ថិភាពក៏ដោយ ក៏សមាជិកគ្រួសារលោក អាល ដាឌូ ត្រូវបានគេកំណត់គោលដៅដែរ។ ការ​ផ្លាស់​ប្តូរ​ទី​តាំង​ធ្វើ​ឡើង​បន្ទាប់​ពីមានការអំពាវនាវរបស់​អ៊ីស្រាអែល ដោយ​​បញ្ជា​ឱ្យ​​មនុស្ស​ប្រមាណជា ​១​លាន​នាក់​ ផ្លាស់ប្តូរទីតាំងទៅភាគខាងត្បូងនៃតំបន់ឡោមព័ទ្ធកាលពីថ្ងៃទី១៣ ខែតុលា។

វីដេអូខ្លីនៅលើបុស្ត៍ព័ត៌មានភាសាអង់គ្លេស អាល ហ្សេរ៉ា បានបង្ហាញថា លោក អាល ដាឌូ បានទៅដល់មន្ទីពេទ្យដើម្បីពិនិត្យសាកសពគ្រួសាររបស់គាត់។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្តាញសង្គមអ៊ីក្ស សារព័ត៌មាន អាល ហ្សេរ៉ា បានបញ្ជាក់ពីមរណភាពនៃសមាជិកគ្រួសាររបស់លោក វ៉េល អាល ដាឌូ និងការចូលរួមរំលែកទុក្ខ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា បណ្តាញសារព័ត៌មាន អាល ហ្សេរ៉ា បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅចំពោះការបាត់បង់សមាជិកគ្រួសាររបស់លោក វ៉េល អាល ដាឌូ ក្នុងការវាយប្រហារតាមអាកាស

ប្រភពបន្ថែមថា អង្គភាព អាល ហ្សេរ៉ា ព្រួយបារម្ភជាខ្លាំងអំពីសុវត្ថភាព និងសេចក្តីសុខក្រុមការងាររបស់យើងនៅក្នុងតំបន់ហ្កាហ្សា និង​បានទាមទារឱ្យ​អាជ្ញាធរ​អ៊ីស្រាអែល​ទទួល​ខុស​ត្រូវ​ចំពោះ​សន្តិសុខ​របស់​ពួកគេ។

 បើយោងតាមប្រភពអ្នកកាសែតប៉ាឡេស្ទីនបានឱ្យដឹងថា អ្នកកាសែត ២៤នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានសមាជិកគ្រួសាររបស់អ្នកការសែតមួយចំនួនផងដែរ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស តាំងពីពេលមានការវាយប្រហារតាមអាកាសទៅលើតំបន់ ហ្កាហ្សា ស្ទ្រីប ប្រទេសអ៊ីស្រាអែល។

កាលពីសៅរ៍ ទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារដោយបាញ់គ្រាប់រ៉ូកែតរាប់ពាន់គ្រាប់ស្រោចទៅលើមូលដ្ឋានយោធាអ៊ីស្រាអែល ខណៈដែលខាងអ៊ីស្រាអែលបានវាយបកវិញតាមអាកាស និងចាត់វិធានការដាក់ទណ្ឌកម្ម រួមទាំងការឡោមព័ទ្ធទីតាំងនោះ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងតម្រូវការ

ផ្សេងៗទៀត។ រហូតមកដល់ពេលនេះ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦,៥០០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប និងមិនតិចជាង ១,៤០០ នាក់នៅខាងភាគីអ៊ីស្រាអែល៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here