ប្រទេសប៉ាគីស្ថាន៖ ទាហានប៉ាគីស្ថាន ២នាក់ និងភេរវករ ២នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការយោធាកាលពីថ្ងៃចន្ទ ទី៣០ ខែតុលា នៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តការត្រូវបានធ្វើឡើងនៅក្នុងស្រុកអេវ៉ារ៉េនដើម្បីសម្អាតទីតាំងក្រុមភេរវករ។
សេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារថា ក្នុងអំឡុងពេលប្រតិបត្តិការ កម្លាំងទ័ពបានចូលរួមយ៉ាងមានប្រសិទ្ធភាពនៅទីតាំងរបស់ក្រុមភេរវករ ដោយបានសម្លាប់ក្រុមភេរវករ ២នាក់ និងបណ្តាលឱ្យ ២នាក់ផ្សេងទៀតរងរបួស ហើយក្នុងពេលប្រយុទ្ធគ្នានេះបណ្តាលឲ្យទាហាន ២នាក់ស្លាប់បាត់បង់ជីវិត។
ប្រភពបានបន្ថែមថា ការសម្អាតទីតាំងជុំវិញត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់។
យោធាប៉ាគីស្ថានបាននិយាយថា កម្លាំងសន្តិសុខបានប្តេជ្ញាក្នុងការលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម និងការលះបង់បែបនេះរបស់ទាហានដើម្បីពង្រឹងការតាំងចិត្តបន្ថែមទៀត៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣