ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ថា អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីដែលហៅកាត់ថា (MIT) បានសម្លាប់ប្រធានក្រុមភស្តុភារនៃគណបក្សពលករឃឺដ (PKK) ក្នុងប្រតិបត្តិការមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ភ្នាក់ងារព័ត៌មានដកស្រង់សម្តីពីប្រភពសន្តិសុខអនាមិកនិយាយថា លោក ចាហ៊ីត អាកថេរ ដែលមានឈ្មោះហៅក្រៅ ហូសេយ៊ីន ផីរ៉ាន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដែលគ្រោងទុកមុន ក្នុងតំបន់ខ្លរឡក់ (Claw-Lock) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។លោក អាកថេ ត្រូវបានចោទប្រកាន់ពីបទវាយប្រហារទៅលើកម្លាំងសន្តិសុខតួកគី និងជួញដូរអាវុធ និងគ្រប់រំសេវ។
គេជឿជាក់ថា សមាជិករបស់គណបក្សពលករឃឺដបានចូលរួមក្នុងផែនការវាយប្រហារកាលពីឆ្នាំ២០១៦ នៅក្នុងខេត្តសៀណាក ភាគអាគ្នេយ៍នៃប្រទេសតួកគីជាកន្លែងដែលទាហានតួកគី ៣នាក់ និងឆ្មាំយាមភូមិម្នាក់ត្រូវបានសម្លាប់។
លោកបានចូលរួមវាយប្រហារជាច្រើនលើកជាមួយគណបក្សពលករឃឺដនៅតាមតំបន់ជនបទកាលពីឆ្នាំ២០១៨ និងបានក្លាយជាប្រធានក្រុមភស្តុភារនៃគណបក្សពលករឃឺដនៅក្នុងតំបន់ មេធីណា កាលពីឆ្នាំ២០១៩។
អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្រៅប្រទេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីលុបបំបាត់សកម្មភាពភេរវកម្មនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។
គួររំលឹកផងដែរថា ប្រទេសតួកគីបានបើកប្រតិបត្តិការឆ្លងព្រំដែន ខ្លរ ឡក់ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដកាលពីខែមេសា ឆ្នាំ២០២២។
បក្សពលករឃឺដ ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយប្រទេសតួកគីសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣