រដ្ឋប៉ាឡេស្ទីន៖ ខាងក្រសួងសុខាភិបាលក្នុងតំបន់រ៉ាម៉ាឡាស់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ថា បុរសជនជាតិប៉ាឡេស្ទីន ២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅតំបន់វ៉េសបេង។
មន្ត្រីក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “បុរសម្នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសក្នុងតំបន់អាល់ ប៊ីរ៉េស ខណៈដែលកម្លាំងទ័ពសម្លាប់បុរសទី២ ក្នុងទីក្រុងខ្វាលឃ្វីលយ៉ានៅភាគខាងជើងតំបន់វ៉េសបេង”។
សាក្សីបានិយាយថា កម្លាំងអ៊ីស្រាអែលបានលបវាយឆ្មក់នៅក្នុងទីក្រុងខ្វាលឃ្វីលយ៉ា និងទីក្រុង អាល បៀរ៉េស។ ពួកគេបានន្ថែមឱ្យថា អង្គភាពកម្លាំងពិសេសអ៊ីស្រាអែលបានចូលទៅដល់ក្នុងតំបន់ អាល បៀរ៉េស និងតំបន់រ៉ាម៉ាឡាស់ ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នាជាមួយយុវជនប៉ាឡេស្ទីនជាច្រើននាក់។
យោងតាមក្លឹបអ្នកទោសប៉ាឡេស្ទីនដែលជាអង្គការក្រៅរដ្ឋាភិបាលបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនមិនតិចជាង ៦០នាក់ ត្រូវបានចាប់ខ្លួននៅតំបន់វ៉េសបេង។
ចាបតាំងពីកើតមានជម្លោះរវាងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលាមក ចំនួនជនជាតិប៉ាឡេស្ទីនដែលកម្លាំងអ៊ីស្រាអែលបានសម្លាប់នៅតំបន់វ៉េសបេងកើនឡើងដល់ ១៣២នាក់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣