ប្រទេសយេម៉ែន៖ មន្ត្រីយោធាប្រាប់អ្នកយកព័ត៌មានថា អគ្គសេនាធិការនៃកងប្រដាប់អាវុធយេម៉ែន លោក សេកហៀរ ប៊ីន អាហ្សីហ្ស បានរួចផុតពីការប៉ុនប៉ងធ្វើឃាតនៅខេត្តសម្បូរប្រេងកាតម៉ារ៉ីបភាគឦសាននៃប្រទេសកាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា។
យោងតាមមន្ត្រីពីកងកម្លាំងគាំរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា “រថយន្តផ្ទុកគ្រឿងផ្ទុះបានផ្ទុះឡើងនៅក្បែរក្បួនរបស់លោកឧត្តមសេនីយ៍អាហ្សីហ្សបណ្តាលឱ្យរបួសអ្នកអមដំណើរ ០៦នាក់ ខណៈដែលលោកបានរត់រួចដោយពុំមានរបួស”។ លោកបាននិយាយថា ការវាយប្រហារកើតឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់រវាងលោកអាហ្ស៊ីហ្ស និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត រួមទាំងសមាជិកក្រុមប្រឹក្សារដ្ឋាភិបាលដែលហៅកាត់ថា (PLC) នៅខេត្តម៉ារ៉ីប ដែលទីបញ្ជាការដ្ឋានកងទ័ពជាម្ចាស់ផ្ទះ។
នេះគឺជាការប៉ុនប៉ងធ្វើឃាតលើកទី៣ហើយដើម្បីផ្តាច់ជីវិតលោក អាហ្សីហ្ស ចាប់តាំងពីពេលក្រុមឧទ្ទាមហ៊ូធីវាយប្រហារទៅលើបរិវេណលំនៅដ្ឋានរបស់លោកក្នុងខេត្តម៉ារ៉ីប កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។ មកទល់ពេលនេះពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ រដ្ឋាភិបាលយេម៉ែនបានបញ្ជាក់ពីហេតុការណ៍នេះខណៈ ដែលមានសេចក្តីអំពាវនាវឱ្យបង្កើនវិធានការសន្តិសុខ និងការប្រុងប្រយ័ត្នបន្ថែមនៅក្នុងខេត្តម៉ារ៉ីប និងខេត្តផ្សេងទៀតដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ ដោយសារក្រុមឧទ្ទាមហ៊ូធីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយេម៉ែន។ កម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះដោយគាំទ្រដល់រដ្ឋាភិបាលយេម៉ែនក្នុងឆ្នាំ២០១៥៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣