បុគ្គលិកអង្គការសហប្រជាជាតិ៨៩នាក់ ស្លាប់ក្នុងការវាយប្រហារនៅតំបន់ហ្កាហ្សា

0

ទីក្រុងហ្សឺណែវ៖ ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ហៅកាត់ថា (UNRWA) បាននិយាយកាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកាថា ចាប់តាំងពីជុំចុងក្រោយនៃជម្លោះរបស់ក្រុមហ៉ាម៉ាស និងអ៊ីស្រាអែលផ្ទុះឡើងកាលពីមួយខែមុន បុគ្គលិកអង្គការសហប្រជាជាតិ៨៩នាក់ ត្រូវបានសម្លាប់ដែលជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ។

នៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយរបស់អង្គការសហប្រជាជាតិ UNRWA បានបន្ថែមឱ្យដឹងថា​ មនុស្សប្រមាណជាជិត ១.៥លាននាក់បានផ្លាស់ទីលំនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលមនុស្សប្រមាណជា៧២៥.០០០នាក់កំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នរបស់ UNRWA ដែលមានចំនួន១៤៩ជំរំ នៅទូទាំងខេត្តទាំងប្រាំនៃតំបន់ហ្កាហ្សា ក្នុងនោះមានទាំងខេត្តនៅភាគខាងជើង។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ សាលារៀនមួយកន្លែងរបស់ UNRWA នៅភាគខាងជើងតំបន់ហ្កាហ្សារងការវាយប្រហារតាមអាកាស ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស​ ០៩នាក់ផ្សេងទៀតរងរបួស ក្នុងចំណោមជនភៀសខ្លួនផ្ទៃក្នុងដែលកំពុងជ្រកកោណនៅខាងក្នុងសាលារៀន។

យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឱ្យដឹងថា​ ឥឡូវនេះ ចំនួនមនុស្សច្រើនលើសលប់នៅក្នុងអគាររបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សានៅតែជាកង្វល់ធំ។ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ខាន យូនីស គឺជា​កន្លែង​ដែល​ជនភៀសខ្លួន​ចំនួន ២២.០០០នាក់​កំពុងជ្រកកោន។ កន្លែងទំនេរសម្រាប់មនុស្សម្នាក់មានប្រវែងតិចជាងពីរម៉ែត្រការ៉េ ហើយមានបង្គន់អនាម័យតែមួយប៉ុណ្ណោះសម្រាប់មនុស្ស ៦០០នាក់៕

ប្រភពព័តមាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here