ប្រទេសអ៊ីស្រាអែល៖ ទាហានអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ថា កម្លាំងទ័ពរបស់ពួកគេបានដណ្តើមការគ្រប់គ្រងលើស្ថាប័ណរដ្ឋាភិបាលហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។
លោក ដាញែល ហាហ្ការ៉ី អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែលបានផុសវីដេអូខ្លីនៅលើបណ្តាញសង្គមអ៊ីក្សដោយបង្ហាញពីសកម្មភាពកម្លាំងអ៊ីស្រាអែលកំពុងវាយឆ្មក់លើអគាររដ្ឋាភិបាលហាម៉ាសនៅក្នុងទីក្រុងហ្កាហ្សា។ នៅក្នុងវីដេអូនោះបានបង្ហាញពីជម្លោះអាវុធរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលដែលស្ថិតក្នុងអគាររដ្ឋាភិបាល។
លោកហាហ្ការ៉ីបាននិយាយថា កងពលតូចទី៧ នៃកម្លាំងការពារជាតិបានដណ្តើមការគ្រប់គ្រងសភារបស់ក្រុមហាម៉ាស ការិយាល័យរដ្ឋាភិបាល ទីស្នាក់ការប៉ូលិស និងមហាវិទ្យាល័យវិស្វកម្មដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតកម្ម និងការអភិវឌ្ឃន៍អាវុធ។
ប្រភពបានបន្ថែមថា ក្រុមទាហានថែមទាំងដណ្តើមការគ្រប់គ្រងលើទីតាំងបណ្តុះបណ្តាលរបស់ក្រុមហាម៉ាស ការិយាល័យកណ្តាលប្រតិបត្តិការ និងទីតាំងសួរចម្លើយ និងឃុំខ្លួន។
លោកហាហ្ការ៉ីបានបញ្ជាក់ថា ទាហានកងពលតូចហ្កូលេន បានលបវាយឆ្មក់លើទីតាំងរដ្ឋាភិបាល ការិយាល័យប៉ូលិសនិងយោធា និងការិយាល័យចារកម្មយោធា ក្នុងចំណោមការិយាល័យផ្សេងទៀត។
កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ទូរទស្សន៍ខានគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានបញ្ចេញរូបថតមួយសន្លឹកដែលបង្ហាញពីកងពលតូចហ្កូលេនមានកាន់ទង់ជាតិអំឡុងពេលឈរខាងក្នុងអគារសភារបស់ក្រុមហាម៉ានៅក្នុងទីក្រុងហ្កាហ្សា ក្រោយពីដណ្តើមបានទីតាំងនោះ។
ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីកងកម្លាំងបះបោរប៉ាឡេស្ទីនដឹកនាំដោយក្រុមហាម៉ាសបានបើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សប្រមាណ ១២០០នាក់ និងបានចាប់ចំណាប់ខ្មាំងមិនតិចជាង ២០០នាក់។ ជម្លោះ ដែលបានផ្ទុះឡើងមានរយៈពេលមិនតិចជាងមួយខែ បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ១១,២៤០នាក់ស្លាប់ នៅក្នុងតំបន់ហ្កាហ្សា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤