កម្លាំងតួកគីបានបង្ក្រាបសមាជិកគណបក្សពលករឃឺដ(PKK) ក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រទេសតួកគី៖ ប្រទេសតួកគីបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកាថា កម្លាំងសន្តិសុខរបស់ខ្លួន និងកម្លាំងចារកិច្ចបានបង្ក្រាបសមាជិកគណបក្សពលករឃឺដ (PKK) ខុសច្បាប់សរុប ១១នាក់ក្នុងប្រតិបត្តិការឆ្លងដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិតួកគីបាននិយាយថា កម្លាំងសន្តិសុខបានបង្ក្រាបសមាជិកគណបក្សពលករឃឺដ ១០នាក់នៅតំបន់ឃ្វេនឌីល និងតំបន់ហាគួកនៃប្រទេសអ៊ីរ៉ាក់។

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន។

ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ថា ទន្ទឹមនឹងនេះ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានសម្លាប់សមាជិកជាន់ខ្ពស់នៃគណបក្សពលករឃឺដ ក្នុងប្រតិបត្តិការឆ្លងព្រំដែននៅក្នុងខេត្តកឺកុក ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

សារព័ត៌មានដដែលបានបន្ថែមថា លោក រ៉េមហ្ស៊ី អាវីក មានឈ្មោះហៅក្រៅ ស៊ីយ៉ា អាមិដ គឺស្ថិតក្នុងបញ្ជីចាប់ខ្លួនរបស់អ៊ីរ៉ាក់។ លោកអាវីក​មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្មក្នុងតំបន់អាហ្វ្រីននៃប្រទេសស៊ីរី និងតំបន់ស៊ីនចារ និងតំបន់ហ្ការ៉ា នៃប្រទេសអ៊ីរ៉ាក់។

របាយការណ៍មានខ្លឹមសារបន្ថែមថា គាត់ធ្លាប់បានចូលរួមក្នុងសកម្មភាពរៀបចំរបស់គណបក្សពលករឃឺដ(PKK) កាលពីឆ្នាំ២០១៦ នៅខេត្តឌីយ៉ាបាកឺ ភាគអាគ្នេយ៍នៃប្រទេសតួកគី។

ជារឿយៗ កម្លាំងតួកគីបានធ្វើប្រតិបត្តិការជើងគោក វាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែកដោយកាំភ្លើងធំប្រឆាំងនឹងទីតាំងរបស់ខ្លួនរបស់គណបក្សពលករឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាពិសេសភ្នំឃ្វានឌីល ដែលជាមូលដ្ឋានសំខាន់របស់គណបក្សពលករឃឺដ និងបានសម្លាប់កម្មាភិបាលជាច្រើននាក់របស់គណបក្សពលករឃឺដ។

កម្លាំងតួកគីបានបើកប្រតិបត្តិការខ្លរឡក់កាលពីខែមេសា ឆ្នាំ២០២២ ក្នុងការវាយប្រហារប្រឆាំងនឹងសមាជិកគណបក្សពលករឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្បែរព្រំដែនប្រទេសតួកគី។

បក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here