ប្រទេសតួកគី៖ កម្លាំងសន្តិសុខតួកគីកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា បានឃុំខ្លួនជនជាតិតួកគី ១៣នាក់ដែលជាប់សង្ស័យជាសមាជិកនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលអាចមានគម្រោងវាយប្រហារនៅក្នុងប្រទេស។
ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍ថា អង្គភាពប្រឆាំងភេរវកម្មអ៊ីស្តង់ប៊ុលបើកប្រតិបត្តិការដំណាលគ្នានៅក្នុងស្រុកទាំង១០ដើម្បីចាប់ខ្លួនជនសង្ស័យទាំងអស់។
ប៉ូលិសជឿជាក់ថា ជនសង្ស័យទាំងអស់មានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) និងអង្គភាពប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ជម្លោះនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ហើយទំនងជាមានផែនការវាយប្រហារប្រឆាំងនឹងកម្លាំងតួកគី។
ប្រទេសតួកគីបានចុះឈ្មោះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ជាក្រុមភេរវករកាលពីឆ្នាំ២០១៣ និងរងការវាយប្រហារពីក្រុមជ្រុលនិយមជាច្រើនដង។ នៅក្នុងការវាយបក អាជ្ញាធរតួកគីបានបើកប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុងប្រទេស និងក្រៅប្រទេស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣