ប្រទេសលីបង់៖ ក្រុមហេសបូឡា (Hezbollah) លីបង់ និងយោធាបាននិយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀត រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសលីបង់។
ជនស៊ីវិលម្នាក់ស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយខ្នងនៅភាគខាងត្បួងភូមិអាយថា អាល ស្ហាប នៃប្រទេសលីបង់ ក្នុងពេលដែលក្រុមហេបូឡាបានប្រកាសថា ក្រុមសកម្មប្រយុទ្ធម្នាក់របស់ខ្លួនត្រូវបានសម្លាប់។
យោធាលីបង់ម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា បានវាយប្រហារតាមអាកាស ១៣លើកំណត់គោលដៅទៅលើតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ក្នុងនោះមានតំបន់ អ៊ីកលីម ថូហ្វាហ្វ ដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែល។
កាំភ្លើងធំអ៊ីស្រាអែលបានបាញ់មិនតិចជាង ៦០០គ្រាប់ទៅលើភូមិជាច្រើននៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដោយប្រភពបានបញ្ជាក់បន្ថែមថា ការវាយប្រហារតាមអាកាសជាច្រើនគឺមានសភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីភាពតានតឹងកើនឡើងនៅតាមបណ្តោយព្រំដែន។
ក្រុមហេបូឡាបានប្រកាសថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេបានវាយប្រហារទៅលើកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែលដែលបានលាក់ខ្លួននៅតំបន់តាំងលំនៅ អាល ម៉េនណារ៉ា ដោយបានសម្លាប់ទាហាន ៤នាក់ និងបានវាយប្រហារទៅលើទីតាំងយោធាជាច្រើនកន្លែង និងទៅលើតំបន់បឺកាតនៅតាមបន្ទាត់ព្រំដែន។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៅក្រសួងសុខាភិបាលលីបង់បានបណ្តុះបណ្តាលបុគ្គលិកពេទ្យប្រមាណជា ១១០០នាក់ នៅក្នុងមន្ទីពេទ្យចំនួន ៦៣កន្លែង ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារបន្ថែមរបស់អ៊ីស្រាអែលទៅលើតំបន់ភាគខាងត្បូងប្រទេសលីបង់។
នៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែល បានប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងរយៈពេល ៦សប្តាហ៍មកហើយ បន្ទាប់ពីក្រុមហេបូឡាបានបាញ់គ្រាប់រ៉ូកែតទៅលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៨ ខែតុលា ដើម្បីគាំទ្រដល់ការវាយប្រហាររបស់ក្រុមហាម៉ាទៅលើទឹកដីអ៊ីស្រាអែលកន្លងមក។ កម្លាំងអ៊ីស្រាអែលបានបាញ់បកវិញដោយប្រើកាំភ្លើងធំទៅលើតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣