ប្រទេសប៉ាគីស្ថាន៖ នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) របស់ប៉ូលិសបាននិយាយថា ប៉ូលិសនៅក្នុងខេត្តផុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថានបានចាប់ខ្លួនក្រុមភេរវករ១៤នាក់ ក្នុងនោះមានទាំងបុគ្គលជាន់ខ្ពស់មួយចំនួន ក្នុងប្រតិបត្តិការដោយឡែកពីគ្នា។
នាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ទី០២ ខែធ្នូថា ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពី នាយកដ្ឋានប្រឆាំងភេរវកម្មបានធ្វើប្រតិបត្តិការនៅក្នុងទីក្រុងចំនួន៨ ដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ថាមានវត្តមានក្រុមភេរវករ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា នាយកដ្ឋានប្រឆាំងភេរវកម្មបានបើកប្រតិបត្តិការចំនួន ៥៨៨លើកនៅទូទាំងប្រទេស ខណៈដែលមនុស្ស ២៥.០០០នាក់ស្ថិតក្រោមការស៊ើបអង្កេត។
ក្រុមភេរវករដែលចាប់ខ្លួនបានទាំងនោះរួមមានក្រុមសកម្មប្រយុទ្ធ ថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថាន (TTP) ដែលត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលមិនស្គាល់សម្រាប់ការស៊ើបអង្កេត។
ប៉ូលិសបានរឹបអូសគ្រឿងសម្ភារៈឧបករណ៍បំផ្ទុះ អាវុធ គ្រាប់រំសេវ គ្រាប់បែកដៃ ពីទីឃុំឃាំងរបស់ក្រុមភេរវករដែលចាប់ខ្លួនបានទាំងនោះ។
មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា ក្រុមសកម្មប្រយុទ្ធ ថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថាន បានរៀបផែនការវាយប្រហារទៅលើមូលដ្ឋាននៅក្នុងទីក្រុងឡាហ័រ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣