រដ្ឋប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ ទី០៤ ខែធ្នូ បាននិយាយថាទាហានអ៊ីស្រាអែលបានសម្លាប់យុវជនប៉ាឡេស្ទីន ២នាក់ក្នុងពេលប៉ះទង្គិចគ្នានៅភាគពាយ័ព្យនៃតំបន់វ៉េសបេង ទីក្រុងឃ្វាឃ្វីលយ៉ា។
មន្ត្រីក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងទទួលបានអំពីការជូនដំណឹងរបស់អាជ្ញាធរកិច្ចការស៊ីវិលប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ ទី០៤ ខែធ្នូ ថា កម្លាំងអ៊ីស្រាអែលបានសម្អាតសាកសពបុរស ២នាក់”។
លោក សាម អាប៊ុ ហាមដា ទទួលបន្ទុកកាន់កិច្ចការទីក្រុងឃ្វាឃ្វីលយ៉ា បានថ្កោលទោសចំពោះការសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់ និងចាប់ខ្លួនបុរសម្នាក់ក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែល។
លោកបានបន្ថែមថា បុរសម្នាក់ត្រូវបានសម្លាប់ខណៈដែលគាត់កំពុងធ្វើដំណើរតាមផ្លូវ។
លោក សាម អាប៊ុ ហាមដា បាននិយាយថា “ហេតុការណ៍បែបនេះមិនមែនជារឿងកម្រសម្រាប់កម្លាំងអ៊ីស្រាអែលនោះទេ ដែលតែងតែវាយប្រហារប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ដោយគ្មានហេតុផល”។
ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា កម្លាំងពិសេសអ៊ីស្រាអែលបានលបវាយឆ្មក់ទៅលើទីក្រុងឃ្វាឃ្វីលយ៉ា និងវាយប្រហារទៅលើរថយន្តមួយគ្រឿងនៅក្បែរស្ថានីយ៍ប៉ូលិសប៉ាឡេស្ទីន។
យោងតាមប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចំនួនជនជាតិប៉ាឡេស្ទីដែលត្រូវបានសម្លាប់ដោយកម្លាំងអ៊ីស្រអែលនៅតំបន់វ៉េសបេងក្នុងឆ្នាំនេះ កើនឡើងរហូតដល់៤៦៤នាក់ ដែលក្នុងចំណោមពួកគេមាន ២៥៦នាក់ ត្រូវបានសម្លាប់ក្រោយពេលមានជម្លោះរវាងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣