រដ្ឋប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន ២នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ២០នាក់ផ្សេងទៀតរងរបួសក្នុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅក្នុងតំបន់វ៉េសបេងកាលពីថ្ងៃពុធ ទី០៦ ខែធ្នូ។
ខាងក្រសួងបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសជំទង់វ័យ ១៦ឆ្នាំ ត្រូវបានសម្លាប់ដោយកម្លាំងទ័ពអ៊ីស្រាអែលនៅក្នុងទីក្រុងថាមមូន និងបុរសវ័យ២៣ឆ្នាំម្នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងជំរំ អាល ហ្វារ៉ា ភាគខាងជើងតំបន់វ៉េសបេង។
ប្រភពសន្តិសុខប៉ាឡេស្ទីនដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងបន្ទាប់ពីប្រតិបត្តិវាយឆ្មក់របស់ទាហាននៅជំរំ អាល ហ្វារ៉ា និងនៅទីក្រុងថាមមូន ភាគខាងត្បូងទីក្រុងថូបាស ដែលបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ១១នាក់រងរបួស។
ប្រភពក្នុងតំបន់បាននិយាយថា ជនជាតិប៉ាឡេស្ទីន ៣នាក់រងរបួសដោយម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ និង២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅពេលកម្លាំងអ៊ីស្រាអែលលបវាយឆ្មក់ទៅលើជំរំដេស្ហៀ នៅភាគខាងត្បូងខេត្តបេថ្លេហិមកាលពីថ្ងៃពុធ ទី៦ ខែធ្នូ។ ប្រភពបានបន្ថែមថា យុវជនម្នាក់រងរបួសធ្ងន់ដោយសាររងគ្រាប់កាំភ្លើង។
ប្រភពបានបន្ថែមថា ជនជាតិប៉ាឡេស្ទីន ៧នាក់រងរបួសក្នុងប្រតិបត្តិយោធានៅទីក្រុងជេនីន និងជំរំរបស់ខ្លួនដែលប្រតិបត្តិការនោះមានរយៈពេល ៩ម៉ោង ខណៈដែលជនជាតិប៉ាឡេស្ទីន ២០នាក់ ត្រូវបានចាប់ខ្លួន និងរចនាសម្ព័ន្ធត្រូវបានបំផ្លាញ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០២៣