ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានរាយការណ៍ថា គ្រាប់មីស៊ីលផ្លោងចេញពីដីបាញ់តម្រង់ទៅទីក្រុងរមណីយដ្ឋាន អ៊ីឡាត ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី០៦ ខែធ្នូ តែត្រូវបានស្ទាក់ចាប់ដោយកាំជ្រួចប្រឆាំងគ្រាប់ផ្លោងរបស់អ៊ីស្រាអែល។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការបាញ់ផ្លោងគ្រាប់មីស៊ីលមកលើទឹកដីអ៊ីស្រាអែលត្រូវបានកំណត់សញ្ញាណ និងត្រូវបានស្ទាក់ចាប់ដោយជោគជ័យនៅក្នុងតំបន់ Red Sea។”
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “គ្រាប់មីស៊ីលមិនទាន់ឆ្លងចូលទឹកដីអ៊ីស្រាអែលទេ និងមិនបានបង្កការគំរាមកំហែងដល់ជនស៊ីវិល ហើយសំឡេងស៊ីរ៉ែនដែលបន្លឺឡើងនោះគឺជា និតិវិធីការងារ។”
យោងតាមប្រភពទូរទស្សន៍ខានបានឱ្យដឹងថា គ្រាប់មីស៊ីលត្រូវបានបាញ់ដោយក្រុមឧទ្ទាមហ៊ូធីយេម៉ែន។ សំឡេងស៊ីរ៉ែនជូនដំណឹងពីការវាយប្រហារតាមអាកាសបានបន្លឺនៅក្នុងទីក្រុងអ៊ីឡាត ដែលជាទីក្រុងនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
ក្រុមឧទ្ទាមហ៊ូធីបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់មកលើទឹកដីអ៊ីស្រាអែលចាប់តាំងពី កើតមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣