រដ្ឋប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦នាក់ត្រូវបានសម្លាប់ដោយកម្លាំងទ័ពអ៊ីស្រាអែលក្នុងតំបន់ថូបាស នៅតំបន់វ៉េសបេងកាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា “ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ទាហានអ៊ីស្រាអែលទៅលើជំរំ អាល ហ្វារ៉ា នៅភាគខាងត្បូងតំបន់ថូបាស ខណៈដែលជនជាតិប៉ាឡេស្ទីនជាច្រើននាក់ផ្សេងទៀតរងរបួស ដោយក្នុងនោះអ្នកខ្លះរងរបួសធ្ងន់។”
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ការប្រឈមមុខគ្នាដោយអំពើរហិង្សាបានផ្ទុះឡើងរវាងជនជាតិប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅក្នុងជំរំ ដោយសំឡេងកាំភ្លើង និងសំឡេងផ្ទុះជាច្រើនបានបន្លឺឡើង។
ទាហានអ៊ីស្រាអែលមិនទាន់ឆ្លើយតបភ្លាមៗចំពោះឧបទ្វហេតុនេះទេ ដោយអះអាងថា ពួកគេកំពុងតែពិនិត្យរបាយការណ៍ ដោយពុំបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតនោះទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣