ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី១២ ខែធ្នូ ថា ទាហានសរុប ២៥នាក់ និងក្រុមភេរវរករ ២៧នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចដាច់ដោយឡែកពីគ្នារវាងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធនៅពេលយប់ចន្លោះថ្ងៃចន្ទ ទី១១ និងថ្ងៃអង្គារ ទី១២ ខែធ្នូ នៅស្រុក ដឺរ៉ា អ៊ីសម៉េល ខាន នៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងឧបទ្វហេតុមួយកាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ទាហាន ២៣នាក់ត្រូវបានសម្លាប់ នៅពេលដែលក្រុមភេរវករ ៦នាក់បានវាយប្រហារទៅលើបុស្ត៍យាមល្បាតរបស់កម្លាំងសន្តិសុខ និងបានព្យាយាមចូលទៅក្នុងបុស្ត៍។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា “ការប៉ុនប៉ងវាយប្រហារត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ដោយបានបង្ខំឱ្យក្រុមភេរវករបញ្ជាចង្កូតរថយន្តដឹកគ្រឿងផ្ទុះចូលទៅក្នុងបុស្ត៍ ដោយក្រោយមកទៀតទើបវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត”។
ហេតុការណ៍ផ្ទុះបានបណ្តាលឱ្យរលំអគារ និងបណ្តាលឱ្យមនុស្សស្លាប់នៅភាគីកម្លាំងសន្តិសុខ។ ក្រុមភេរវករទាំង ៦នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ។
ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងៗទៀតនៅក្នុងតំបន់។
នៅក្នុងហេតុការណ៍ប៉ះទង្គិចដោយឡែកពីគ្នា ក្រុមភេរវករ ១៧នាក់ត្រូវបានសម្លាប់នៅពេលដែលកម្លាំងសន្តិសុខធ្វើប្រតិបត្តិការផ្អែកលើការស៊ើបអង្កេត។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតដែលផ្អែកលើរបាយការណ៍ស៊ើបអង្កេតក្នុងស្រុក ទាហាន ២នាក់ និងក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់។
ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋជាច្រើននាក់។ អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣