ប្រទេសលីបង់៖ យោធាលីបង់បាននិយាយថា សមាជិកក្រុមហេសបូឡា ៣នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ព្រំដែននៅភាគខាងត្បូងប្រទេសលីបង់។
ប្រភពមួយបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ក្រុមសកម្មប្រយុទ្ធហេបូឡាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅទៅលើផ្ទះមួយខ្នងនៅភាគអាគ្នេយ៍ភូមិ កាហ្វ គីឡា ខណៈដែលក្រុមសកម្មប្រយុទ្ធហេបូឡា ២នាក់ផ្សេងទៀតត្រូវបានសម្លាប់ និង ៤នាក់រងរបួស ក្នុងការលបវាយឆ្មក់តាមអាកាសកំណត់គោលដៅលើផ្ទះមួយខ្នងនៅភាគអាគ្នេយ៍នៃទីក្រុងយ៉េថឺ។
ប្រភពយោធាបានបញ្ជាក់ឱ្យដឹងថា គ្រាប់ម៉ីសីល ៣គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល និងត្រូវបានស្ទាក់ចាប់ដោយយន្តហោះគ្មានមនុស្សបញ្ជារបស់អ៊ីស្រាអែល អាយរ៉ន ដូម។
យ៉ាងណាមិញ ក្រុមហេបូឡាដែលជាសមាជិកយោធាលីបង់បានប្រកាសថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេបានវាយប្រហារលើទីតាំងអ៊ីស្រាអែល ២កន្លែង នៅភាគនិរតីលីបង់។
ភាពតានតឹងនៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែលបានកើនឡើងនៅពេលដែលក្រុមហេបូឡាបានបាញ់គ្រាប់រ៉ូកែត កាលពីថ្ងៃទី៨ ខែតុលា ទៅលើទីតាំងយោធាអ៊ីស្រាអែល ក្នុងការគាំទ្រដល់ការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងកម្លាំងអ៊ីស្រាអែល។ ដើម្បីឆ្លើយតបវិញ កម្លាំងអ៊ីស្រាអែលបានបាញ់កាំភ្លើងធំទៅលើតំបន់ភាគអាគ្នេយ៍នៃប្រទេសលីបង់។
ហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមហេបូឡា និងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥០នាក់នៅខាងភាគីលីបង់ ក្នុងនោះមានសមាជិកហេបូឡា ១០៤នាក់ ទាហានលីបង់ម្នាក់ សមាជិកនៃចលនាអាម៉លម្នាក់ សមាជិកនៃក្រុមហាម៉ាសនិងអ៊ីស្លាមជីហាដ ១៦នាក់ ជនស៊ីវិល២៨នាក់ ដោយក្នុងនោះមានអ្នកកាសែត ៣នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣