ប្រទេសនីហ្សេរីយ៉ា៖ ខាងទាហានបានបញ្ជាក់កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ថា យ៉ាងហោចណាស់មនុស្ស ៦នាក់ក្នុងនោះមានទាហាន ៤នាក់ ត្រូវបានសម្លាប់បន្ទាប់ពីក្រុមក្មាន់កាំភ្លើងបានវាយប្រហារលើកម្មករមួយចំនួននៃក្រុមហ៊ុនដែរវ៉ូរបស់កូរ៉េខាងត្បូងក្នុងរដ្ឋរ៉ីវវើរ ប្រទេសនីហ្សេរីយ៉ា។
លោក ដេនចូម៉ា ចូណាហ ដេនចូម៉ា អ្នកនាំពាក្យរបស់កងពលធំទី៦ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់កម្មករ ២នាក់ ដែលត្រូវបានអមដោយបុគ្គលិកសន្តិសុខក្រោយពីមានការវាយប្រហារកាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ត្រូវបានក្មាន់កាំភ្លើងចាប់ខ្លួនបន្ទាប់ពីវាយប្រហារនៅតាមបណ្តោយផ្លូវអាហាវដាឬអាប៊ូ នៃផ្លូវអេស វ៉េស រ៉ូដ ក្នុងរដ្ឋរ៉ីវវើរ។
លោក ដេនចូម៉ា បាននិយាយថា ទាហានក្នុងភារកិច្ចយាមក្រុមហ៊ុនសេវាកម្មប្រេង រងការវាយប្រហារនៅក្នុងក្បួនរថយន្ត ខណៈដែលជនស៊ីវិលដែលស្លាប់គឺជាអ្នកបើកបរស៊ីឈ្នួលទាំងពីរនាក់របស់ក្រុមហ៊ុន។
លោកដេនចូម៉ាបាននិយាយថា “ជាអកុសល ទាហាន ៤នាក់ត្រូវបានសម្លាប់ ខណៈដែលកម្មករ២នាក់ផ្សេងទៀតបានបាត់ខ្លួន”។ លោកបានបញ្ជាក់ថា ជនសង្ស័យបានរត់គេចខ្លួនតាមទន្លេ បន្ទាប់ពីការវាយប្រហារ។
លោកបានបន្ថែមទៀតថា “កាលពីពេលថ្មីៗនេះ កម្លាំងទ័ពធ្វើប្រតិបត្តិការតាមប្រមាញ់ដើម្បីស្វែងរកជនល្មើស ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដំណើរការដើម្បីធានាថាកម្មករប្រេងដែលបាត់ខ្លួនត្រូវបានរកឃើញ”៕
ប្រភព Xinhua ចុះផ្សាយថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២៣