ប្រទេសស៊ីរី៖ របាយការណ៍របស់អ្នកតាមដានសង្គ្រាមកាលពីថ្ងៃពុធ ទី១៣ ខែធ្នូ មានខ្លឹមសារថា មនុស្សសរុប ៣៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កម្លាំងអ៊ីស្រាអែលទៅលើទីតាំងយោធាស៊ីរីដែលមានទំនាក់ទំនងជាមួយក្រុមហេបូឡា (Hezbollah) លីបង់ចាប់តាំងពីមានជម្លោះរវាងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ា កាលពីថ្ងៃទី៧ ខែតុលា។
អ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមស៊ីរីបាននិយាយថា ជនរងគ្រោះទាំងអស់មានទាហានស៊ីរី ១៤នាក់ ក្រុមសកម្មប្រយុទ្ធហេបូឡា១៧នាក់ ឆ្មាំអ៊ីរ៉ង់២នាក់ ជនស៊ីវិល២នាក់ និងក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាលម្នាក់។
ក្នុងអំឡុងពេលនោះ កម្លាំងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសស៊ីរី ៣៣លើក ដោយបានបំផ្លាញគោលដៅ ៤៨កន្លែង ក្នុងនោះមានទាំងឃ្លាំងអាវុធ និងយានជំនិះ។
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូបានប្រឈមនឹងការទម្លាក់គ្រាប់បែកចំនួនបួនលើកដែលធ្វើឱ្យទីនោះមិនអាចដំណើរការបាន និងអាកាសយានដ្ឋានអន្តរជាតិ ដាម៉ាសបានប្រឈមនឹងការវាយប្រហារតាមអាកាសចំនួនពីរលើកដែលបណ្តាលឱ្យប្រតិបត្តិការរបស់ខ្លួនត្រូវបានផ្អាកជាបណ្តោះអាសន្ន។
អ្នកតាមដានសង្គ្រាមបានបន្ថែមថា ការវាយប្រហារជាច្រើនលើកកាលពីដើមខែតុលា បានបណ្តាលឱ្យចំនួនសរុបនៃការវាយប្រហាររបស់អ៊ីស្រាអែលលើទឹកដីនៃប្រទេសស៊ីរីចាប់ពីដើមឆ្នាំ២០២៣មក កើនដល់៦៦ដង ក្នុងនោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមាន៤៥ដង ការវាយប្រហារលើដីមាន២១ដង ដែលបណ្តាលឱ្យគោលដៅ១៣០កន្លែងរងការវាយប្រហារនិងបំផ្លាញ។
អ្នកតាមដានសង្គ្រាមបានបញ្ជាក់បន្ថែមទៀតថា ការវាយប្រហារទាំងនេះបានសម្លាប់បុគ្គលិកយោធា ១១៤នាក់ និងបង្ករបួសដល់បុគ្គលិកយោធា ១៣០នាក់ផ្សេងទៀតនៅក្នុងប្រទេស
ស៊ីរី។ ទន្ទឹមនឹងការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល ក្រុមកងជីវពលគាំទ្រអ៊ីរ៉ង់បានបង្កើនការវាយប្រហាររបស់ពួកគេទៅលើមូលដ្ឋានយោធាអាមេរិកនៅភាគខាងកើតប្រទេសស៊ីរី។ ការវាយប្រហារទាំងនេះគឺជាការសងសឹកចំពោះសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ប្រទេសអ៊ីស្រាអែលក្នុងយុទ្ធនាការយោធារបស់ពួកគេនៅតំបន់ហ្កាហ្សា។
ប្រភពបានបន្ថែមទៀតថា នៅក្នុងប្រតិកម្មឆ្លើយតបចំពោះការវាយប្រហាររបស់កងជីវពលគាំទ្រដល់អ៊ីរ៉ង់ មូលដ្ឋានទ័ពអាមេរិកជាច្រើនកន្លែងនៅក្នុងប្រទេសស៊ីរីបានធ្វើសមយុទ្ធយោធា និងពង្រឹងកងទ័ពរបស់ពួកគេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣