រដ្ឋប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១១១នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្រ្ទីបកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ។
សេចក្តីថ្លែងការណ៍ក្រសួងមានខ្លឹមសារថា អ្នករងរបួស ៧៥នាក់ និងសាកសព ៤៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យណាសឺរនៅតំបន់ ខាន យូនីស ភាគខាងត្បូងនៃតំបន់ ហ្កាហ្សាស្ទ្រីប។
ប្រភពបានបន្ថែមថា ការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ទាហានអ៊ីស្រាអែលទៅលើផ្ទះមួយខ្នង នៅក្នុងតំបន់ អាល សារ៉ាច នៅកណ្តាលតំបន់ហ្កាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីន២៦នាក់។
ប្រភពក្រសួងបានបន្ថែមថា ការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើផ្ទះ៤ខ្នងនៅក្នុងទីក្រុងរ៉ាហ្វាស ដែលស្ថិតនៅភាគខាងត្បូងតំបន់ ហ្កាហ្សា ស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីន៤២នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នា មន្ត្រីក្រសួងបាននិយាយថា ទាហានអ៊ីស្រាអែលបានបន្តការវាយប្រហារទៅលើមន្ទីពេទ្យ កាម៉ាល អូដវ៉ាន នៅក្នុងតំបន់ បៀត ឡាហៀ ភាគខាងត្បូងនៃតំបន់ ហ្កា ហ្សាស្ទី្រប និងបានចាប់ខ្លួនវេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកពេទ្យប្រមាណជា ៧០នាក់ផ្សេងទៀត។
យោងតាមប្រភពក្រសួងបានបន្ថែមឱ្យដឹងថា អ្នកជំងឺ ៦៥នាក់ ដែលភាគច្រើនត្រូវការការថែរទាំយ៉ាងយកចិត្តទុកដាក់ និងបុគ្គិលិកពេទ្យ ៤៥នាក់ផ្សេងទៀត គឺស្ថិតនៅក្នុងមន្ទីពេទ្យ។
កម្លាំងសន្តិសុខប៉ាឡេស្ទីនបាននិយាយថា ការប្រយុទ្ធគ្នានៅលើដីនៅបន្តដំណើរការរវាងទាហានអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ជាពិសេសនៅក្នុងជំរំជនភៀសខ្លួន នូស៊ីរ៉ាត នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។
ស្ថិតិដែលចេញផ្សាយដោយភាគីជម្លោះទាំងពីរបានបង្ហាញថា ការស្លាប់របស់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាបានកើនឡើងដល់ ១៨ ៦០០នាក់ ចាប់តាំងពីមានការផ្ទុះជម្លោះរវាងក្រុមសកម្មប្រយុទ្ធហាម៉ា និងទាហានអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រមាណជា ១២ ០០នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣