ប្រទេសហ្វីលីពីន៖ មន្ត្រីការពារជាតិហ្វីលីពីនបាននិយាយថា ទាហានម្នាក់ និងជនសង្ស័យជាក្រុមឧទ្ទាម ៦នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅព្រលឹមថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ក្នុងខេត្តបាថានហ្កាស ភាគខាងត្បូងទីក្រុងម៉ានីល។
លោក ហេគថ័រ អេសថូឡា អ្នកនាំពាក្យកងពលថ្មើរជើងទី២ របស់កងទ័ពហ្វីលីពីន បាននិយាយថា ការបាញ់ប្រហាររយៈពេល ៤ម៉ោងរវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មីដែលហៅកាត់ថា (NPA) ដែលមានគ្នា ១៤នាក់ បានផ្ទុះឡើងនៅម៉ោងប្រមាណជា ២ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ នៅទីក្រុងប៉ាឡាយ៉ាន។
លោក អេសថូឡា បានបន្ថែមថា កងទ័ពរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការបន្ទាប់ពីបានទទួល ដំណឹងអំពីក្រុម NPA ថា “បោះជំរំបណ្តោះអាសន្ននៅក្នុងតំបន់ដើម្បីរៀបចំផែនដើម្បីធ្វើអ្វីមួយ”។
លោក អេសថូឡា បាននិយាយថា ការប្រយុទ្ធគ្នានេះបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ ក្នុងនោះមានទាហានម្នាក់ផងដែរ និងទាហាន៣នាក់ផ្សេងទៀតរងរបួស។ ប្រតិបត្តិការរុករកកំពុងដំណើរការដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមដែលរត់គេចខ្លួន។
ក្រុមឧទ្ទាម NPA ប្រយុទ្ធប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៦៩។ ពួកគេផ្តោត លើការវាយប្រហារទៅលើតំបន់ជនបទ និងពេលខ្លះមានការប៉ះទង្គិចគ្នាជាមួយយោធាផងដែរ។
យោងតាមទិន្ន័យរបស់យោធាបានបង្ហាញថា ក្រុមឧទ្ទាម (NPA) មានចំនួនប្រមាណជា ២០.០០នាក់ ដែលចំនួននេះតិចជាងកាលពីទសវត្សរ៍ឆ្នាំ១៩៨០៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣