ប្រទេសស៊ីរី៖ ភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា លោក ហ្វាយសាល មេកដាដ រដ្ឋមន្ត្រីការបរទេសស៊ីរី និងសមភាគីអ៊ីរ៉ង់លោក ហូសៀន អាមៀរ អាប់ដូឡាហៀន កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ បានថ្កោលទោសចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍ដែលកាន់តែមានភាពតានតឹងនៅរដ្ឋប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្កាហ្សាស្ទ្រីប និងបានថ្កោលទោសចំពោះការឈ្លានពានជាបន្តបន្ទាប់របស់កម្លាំងអ៊ីស្រាអែល និងកម្លាំងលោកខាងលិចប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
នៅក្នុងរបាយការណ៍បង្ហាញថា ពួកគេបានសម្តែងការសោកស្ដាយផងដែរចំពោះការបាត់បង់ជីវិតមនុស្សប្រមាណជាជិត ២ម៉ឺននាក់នៅតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់ទៅលើតម្រូវការបន្ទាន់ដើម្បីបញ្ឈប់ប្រតិបត្តិការយោធាអ៊ីស្រាអែល និងផ្តល់ជំនួយមនុស្សធម៌ចំបាច់ដល់តំបន់ជុំវិញ។
សម្រាប់ទំនាក់ទំនងទ្វេភាគី អ្នកការទូតកំពូលទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងផ្សេងៗដែលភាគីទាំងពីរសម្រេចបាន ដោយបញ្ជាក់បន្ថែមថាការសម្រេចចិត្តជាក់ស្តែងនឹងនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ប្រជាជនទាំងភាគីស៊ីរី និងអ៊ីរ៉ង់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣