ប្រទេសតួកគី៖ ខាងគណៈរដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ទី២០ ខែធ្នូ នេះថា ប៉ូលិសតួកគីបានឃុំខ្លួនជនសង្ស័យ ៣០២នាក់ ក្នុងអំឡុងពេលវាយឆ្មក់ប្រឆាំងនឹងអង្គភាពឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃប្រតិបត្តិការដែលធ្វើឡើងក្នុងពេលដំណាលគ្នានៅក្នុងខេត្តចំនួន៦៣។
លោក អាលី យើលីកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី បាននិយាយនៅលើបណ្តាញសង្គមអ៊ីក្សថា ក្នុងពេលប្រតិបត្តិការ ដែលមានឈ្មោះថា ខេច-២២ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យដែលប្រព្រឹត្តឧក្រិដ្ឋកម្ម មានដូចជា ការចងការប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់ ការលួចបន្លំជាប្រព័ន្ធដែលធ្វើឱ្យខូចដល់ស្ថាប័នសាធារណៈនិងអង្គការនានា និងការលួចបន្លំជាប្រព័ន្ធទៅលើបុគ្គល។
ប៉ូលិសបានរឹបអូស អាវុធគ្មានអាជ្ញាប័ណ្ណ របាយការណ៍ក្លែងក្លាយនិងមិនពេញលេញ ស៊ីមកាតដែលដាក់ឈ្មោះអ្នកដ៏ទៃ ការបោះពុម្ពនិងព្រិនស្លាកលេខក្លែងក្លាយ ក្នុងប្រតិបត្តិការជាច្រើនលើក។
កាលពីពេលថ្មីៗនេះ អាជ្ញាធរតួកគីបានបង្កើនប្រតិបត្តិការរបស់ប៉ូលិសប្រឆាំងនឹងអង្គភាពឧក្រិដ្ឋម្ម នៅទូទាំងប្រទេស បន្ទាប់ពីមានសម្ពាធនៃការសម្រេចចិត្តរបស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុដែលហៅកាត់ថា (FATF) ដាក់ប្រទេសតួកគីចូលទៅក្នុងបញ្ជីពណ៌ប្រផេះ ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុគឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលកំណត់ស្តង់ដារអន្តរជាតិ ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣