ប្រទេសលីបង់៖ ប្រភពពីយោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា ក្រុមសកម្មប្រយុទ្ធហេបូឡា ម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ ក្នុងហេតុការណ៍ប្រឈមមុខដាក់គ្នាជាមួយកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងព្រំដែននៃប្រទេសលីបង់។
ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា អ៊ីស្រាអែលបានបាញ់មីស៊ីលពីលើអាកាសចំនួន២គ្រាប់ចំផ្ទះមួយនៅភាគខាងត្បូងភូមិហូឡានៃប្រទេសលីបង់ ខណៈដែលយន្តហោះចម្បាំងរបស់ពួកគេវាយប្រហារចំនួន១១លើកទៅលើភូមិមួយចំនួនរបស់លីបង់ និងទីក្រុងជាប់ព្រំដែន អ៊ីស្រាអែល។
ប្រភពបានបន្ថែមថា កម្លាំងអ៊ីស្រាអែលបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំប្រមាណជា ១០០គ្រាប់ទៅភាគខាងត្បូងប្រទេសលីបង់ ដែលមានភូមិឃេហ្វាឈូបា ភូមិហូឡា ភូមិអាល អាដេសេហ ភូមិម៉ារោន អាល រ៉ាស និងទីក្រុងណាឃ្វួរ៉ា និងទីតាំងជាច្រើនផ្សេងទៀត។
ទន្ទឹមនឹងនេះដែរ ក្រុមហេបូឡាបាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេបានវាយប្រហារជាច្រើនលើកទៅលើទីតាំងប្រមូលផ្តុំគ្នារបស់ទាហានអ៊ីស្រាអែលនៅទីតាំង អាល ម៉ាច និង
ទីតាំងផ្សេងទៀត ដែលមានដូចជា អាល សាម៉ាកា និងបៀរកាត រ៉ីស្ហា។
ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងចាប់តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេបូឡាលីបង់បាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ចូលប្រទេសអ៊ីស្រាអែលដើម្បីបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសវាយប្រហារប្រទេសអ៊ីស្រាអែលដែលជាហេតុជម្រុញឱ្យកម្លាំងអ៊ីស្រាអែលបាញ់កាំភ្លើងធំតបតវិញទៅភាគអាគ្នេយ៍ប្រទេសលីបង់។
គួរបញ្ជាក់ផងដែរថា ការប្រឈមមុខដាក់គ្នារវាងក្រុមហេបូឡា និងអ៊ីស្រាអែលកន្លងមកបានសម្លាប់មនុស្ស ១៩២នាក់ (ភាគីខាងប្រទេសលីបង់) ក្នុងនោះមានសមាជិកហេបូឡា ១៣៧នាក់ និងជនស៊ីវិល ៣៥នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤