ក្រុមហេបូឡា ២នាក់ស្លាប់ក្នុងការប្រឈមមុខដាក់គ្នានៅព្រំដែនលីបង់-អ៊ីស្រាអែល

0

ប្រទេសលីបង់៖ យោធាលីបង់បាននិយាយថា ក្រុមសកម្មប្រយុទ្ធហេបូឡា ២នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារតាមអាកាស ១៨លើករបស់អ៊ីស្រាអែលទៅលើភូមិ និងទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់បណ្តាលឱ្យមនុស្សជាច្រើនរងគ្រោះ។

រថក្រោះ និងរថពាសដែកជាច្រើនគ្រឿងរបស់អ៊ីស្រាអែល ត្រូវបានបញ្ជូនទៅកាន់តំបន់ជួរមុខតាមបណ្តាយព្រំដែនជាមួយប្រទេសលីបង់។ ប្រភពបន្ថែមថា ការពង្រាយកម្លាំងរបស់អ៊ីស្រាអែលលាតសន្ធឹងពីភាគខាងលិចតំបន់ណាខ្វួរ៉ា ដល់ភាគខាងកើតតំបន់ស្ហេបា។

ទន្ទឹមនឹងនេះផងដែរ ក្រុមហេបូឡាបាននិយាយថា ក្រុមអ្នកប្រយុទ្ធបានវាយប្រហារជាច្រើនលើកដោយគ្រាប់មីស៊ីលបួរកានទៅលើចំនុចប្រមូលផ្តុំរបស់អ៊ីស្រាអែល និងទីតាំងជាច្រើន នៅតាមបណ្តោយព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល។

នៅថ្ងៃដដែលនោះ លោកស្រី ខេនឌីស អាដ្រេល អនុប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ ដែលហៅកាត់ថា (UNIFIL) បាន​ជំរុញ​ឲ្យប្រទេស​លីបង់ និង​អ៊ីស្រាអែលបញ្ឈប់ការ​បាញ់​គ្នា​នៅ​តាមព្រំដែន ព្រមានចំពោះការកើនឡើងដែលអាចកើតមាននៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការធ្វើ​ឃាត​មន្ត្រី​ហាម៉ាសម្នាក់កាលពីមួយ​ថ្ងៃ​មុននេះ​ នៅ​ជាយក្រុង​ភាគ​ខាង​ត្បូង​ក្រុង​បេរ៉ូត។

ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានស្រង់សម្តីលោកស្រី អាដ្រេល មានខ្លឹមសារថា យើងបារម្ភថាភាពតានតឹងនឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនទាំងសងខាងនៅតាមបណ្តាយព្រំដែនខៀវ”។

តំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែលប្រឈមនឹងភាពតានតឹងចាប់តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេបូឡាលីបង់បាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ចូលប្រទេសអ៊ីស្រាអែលដើម្បីបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសវាយប្រហារប្រទេសអ៊ីស្រាអែលដែលជាហេតុជម្រុញឱ្យកម្លាំងអ៊ីស្រាអែលបាញ់កាំភ្លើងធំតបតវិញទៅភាគអាគ្នេយ៍ប្រទេសលីបង់។

កម្លាំងសន្តិសុខលីបង់បានបន្ថែមឱ្យដឹងថា ការប្រឈមមុខដាក់គ្នារវាងក្រុមហេបូឡា និង

អ៊ីស្រាអែលបានសម្លាប់មនុស្ស ១៩៤នាក់ (ភាគីលីបង់) ក្នុងនោះមានសមាជិកក្រុមសកម្មប្រយុទ្ធហេបូឡា ១៣៩នាក់ សមាជិកប្រជាការពារម្នាក់ ទាហានលីបង់ម្នាក់ សមាជិកនៃចលនាអាមាលម្នាក់ និងសមាជិកមកពីគណបក្សជាតិនិយមសង្គមស៊ីរីម្នាក់ សមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្លាមជីហាដ១៦នាក់ និងជនស៊ីវិល ៣៥នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤

 

LEAVE A REPLY

Please enter your comment!
Please enter your name here