ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងកើតខេត្តឌីយ៉ាឡា។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា យោងតាមរបាយការណ៍ចារកម្មបានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងតំបន់ ហាដាលវ៉ាក ដែលមានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់។
កាលពីព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ កម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅឆែកឆេរកន្លែងលាក់គ្រាប់បែកនោះ និងបានរកឃើញសាកសពរបស់ក្រុមសកម្មប្រយុទ្ធ ៤នាក់ រួមទាំងបានបំផ្លាញអាវុធនិងសម្ភាជាច្រើនផ្សេងទៀត។
ប្រភពបានបន្ថែមថា លោក ម៉ាជីដ មេអូហ្វ មេដឹកនាំក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ គឺស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានសម្លាប់ទាំងនោះ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤