យ៉ាងហោចណាស់មនុស្ស ២០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាស

0

រដ្ឋប៉ាឡេស្ទីន៖ ភ្នាក់ងារសារ​ព័ត៌មាន​ផ្លូវការ​របស់​ប៉ាឡេស្ទីនវ៉ាហ្វាបានរាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ ទី០៧ ខែមករា ថា ទាហានអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ទៅលើជំរំជនភៀសខ្លួនចាបាលៀ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់។

យោងតាមរបាយការណ៍បានឲ្យដឹងថា អ្នករងរបួសជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយក្នុងចំណោមពួកគេទាំងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាច្រើននាក់។

ប្រភពក្នុងតំប​ន់បានប្រាប់អ្នកយកព័ត៌មានថា​ មានមនុស្ស​ជា​ច្រើននាក់ជាប់​​ក្រោម​គំនរ​បាក់បែក ហើយ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត។

ក្រសួងសុខភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់

ហ្កាហ្សាស្ទ្រីបបណ្តាលឱ្យចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីនកើនដល់ ២២.៨៣៥នាក់ និងអ្នករងរបួសកើនដល់ ៥៨.៤១៦នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មន្ត្រីក្រសួងបាននិយាយថា ទាហានអ៊ីស្រាអែលវាយប្រហារតាមអាកាស ១២លើកទៅលើពលរដ្ឋជាច្រើនគ្រួសារនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ១៣៣នាក់ស្លាប់ និងមនុស្ស ២៥០នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក ប្រទេសអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងទឹកដីប៉ាឡេស្ទីន បន្ទាប់ពីមានការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​របស់​ក្រុម​ហាម៉ាសទៅលើទឹកដីភាគខាងត្បូងនៃប្រទេស​អ៊ីស្រាអែលដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រមាណជា ១.២០០នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here