ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានកាលពីថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ បាននិយាយថា ទាហានប៉ាគីស្ថានម្នាក់ស្លាប់ និងចាប់បានភេរវករម្នាក់ក្នុងប្រតិបត្តិការស្រុកណ័ស វ៉ារ៉ីស្ថាន នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពបានបិទទីតាំងរបស់ក្រុមភេរវករ ដែលជាហេតុបង្កឱ្យមានការបាញ់គ្នាទៅវិញទៅមក។
ភាគីខាងយោធានិយាយថា ទាហានម្នាក់ស្លាប់ក្នុងពេលបាញ់តដៃគ្នាជាមួយក្រុមភេរវករ ចំណែកឯភេរវករម្នាក់ត្រូវបានចាប់ខ្លួនក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណាក៏ដោយ ខាងកងទ័ពមិនបានបង្ហាញអត្តសញ្ញាណរបស់ភេរវករដែលចាប់ខ្លួនបាននោះទេ។
ប្រភពពី ISPR បានបន្ថែមថា កងទ័ពបានចាប់ផ្តើមប្រតិបត្តិការរុករកដើម្បីកម្ចាត់ក្រុមភេរវករ ទាំងឡាយណាដែលមានវត្តមាននៅក្នុងតំបន់។
ប្រភពកងទ័ពបានបន្ថែមទៀតថា“កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាចិត្តលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម និងកាលះបង់បែបនេះរបស់ទាហានក្លាហានរបស់យើងគឺដើម្បីពង្រឹងដល់ការតាំងចិត្តរបស់យើងបន្ថែមទៀត”៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤