ប៉ូលិស ២នាក់ស្លាប់ និងចាប់ខ្លួនភេរវករ ២នាក់ក្នុងការវាយប្រហារប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ ប៉ូលិស ២នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារ៍ ទី០៩ ខែមករា ឆ្នាំ២០២៤ ក្នុងការវាយប្រហារភេរវកម្មក្នុងស្រុកបានូ  ខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប៉ាគីស្ថាន។

លោក ហ្កាស៊ីម អាលី ខាន អគ្គអធិការរងប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្មាន់កាំភ្លើង ២នាក់បានបាញ់ទៅលើក្រុមប៉ូលិសដែលទទួលភារកិច្ចការពារបុគ្គលិកសុខាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅក្នុងតំបន់ថឺរ៉ី រ៉ាម នៃស្រុកបានូ។

ប៉ូលិស ២នាក់រងរបួសក្នុងការបាញ់ប្រហារគ្នាខណៈដែលអ្នកវាយប្រហារម្នាក់រងរបួសដោយគ្រាប់កាំភ្លើង។

ក្រុមភេរវករដែលត្រូវរបួស និងបក្សពួកបានរត់ចូលទៅពួនក្នុងផ្ទះមួយខ្នងដើម្បីលាក់ខ្លួន បន្ទាប់ពីអ្នកស្រុកចាប់ផ្តើមដេញតាមពួកគេក្រោយពេលវាយប្រហារចប់។ ក្រុមសង្គ្រោះ ប៉ូលិស និងកម្លាំងសន្តិសុខប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុ​ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីពេទ្យ។

ប៉ូលិស និងកម្លាំងសន្តិសុខ បានឡោមព័ន្ធទីតាំងផ្ទះកើតហេតុ និងប្រាប់ឱ្យក្រុមភេរវករសុំចុះចាញ់។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមភេរវករបានបាញ់ប្រហារម្តងទៀតបណ្តាលឲ្យប៉ូលិស ២នាក់ស្លាប់។

មន្ត្រីប៉ូលិសនិយាយបន្ថែមថា ក្រោយមកប៉ូលិសបានចាប់ខ្លួនក្រុមភេរវករ ២នាក់​បន្ទាប់ពីការបាញ់ប្រហារគ្នានេះ។

សូមបញ្ជាក់ផងដែរថា ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅឡើយទេ។

មន្ត្រីប៉ូលិសបានបន្ថែមថា ក្រុមភេរវករដែលឃាត់ខ្លួនបានទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់ទីតាំងសម្ងាត់មួយ ហើយអត្តសញ្ញាណរបស់ពួកគេនឹងត្រូវបញ្ចេញឲ្យដឹងបន្ទាប់ពីការស៊ើបអង្កេតរួចរាល់។

គួរំលឹកផងដែរថា កាលពីថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ មានមនុស្សយ៉ាងហោចណាស់ ៧នាក់ត្រូវបានសម្លាប់ និង២៦នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកតាមដងផ្លូវបំផ្លាញរថយន្តដឹកមន្ត្រីប៉ូលិសដើម្បីដាក់ពង្រាយការពារសុវត្ថិភាពកម្មករក្នុងយុទ្ធនាការជំងឺស្វិតដៃជើង៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here